វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម
«ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់នៅក្នុងការទម្រនៃស្ថិរភាពដើម្បីឈានយ៉ាងលឿននៃវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម អប់រំ និងសុខាភិបាល ជាក់ស្តែងក្នុងឆ្នាំ២០២៤ GDPរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បានកើនឡើងដល់២៧៨ពាន់លានដុល្លារ ពោលគឺកើន៦.១%បើធៀបនឹងឆ្នាំ២០២៣ដែលបាននាំឱ្យភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានក្លាយជាតំបន់មួយដែលមានសក្តានុពលសេដ្ឋកិច្ច និងភាពចម្រុះវប្បធម៌ ផ្ទុយទាំងស្រុងពីមនុស្សមួយចំនួននៅសហរដ្ឋអាមេរិកនិងបណ្តាបស្ចិមប្រទេស ដែលបានប្រឌិតរឿងក្លែងក្លាយហៅថា «ការប្រល័យពូជសាសន៍» និង «បង្ខិតបង្ខំធ្វើពលកម្ម»ជាដើម។ ពាក្យកុហក ពាក្យមួលបង្កាច់ចំពោះតថភាពនិងសច្ចភាពនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងត្រូវបានពិភពលោកផ្សព្វផ្សាយកាន់តែទូលំទូលាយពីខ្លឹមសារនៃ«សៀវភៅស»ស្តីពី«ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី»។ ប្រវត្តិវិទូសកលលោកបានចារបន្ថែមពីរឿងរ៉ាវស្តីពី«ក្តីសង្ឃឹមមានតម្លៃថ្លៃជាងមាស»ដោយបានដកស្រង់បន្ថែមនូវខ្លឹមសារដែលលោក Xi Jinping ប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយតំណាងគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋានរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រមូលផ្តុំស្មារតីនិងកម្លាំងកាយចិត្ត សាមគ្គីគ្នា និងការតស៊ូព្យាយាមក្នុងការកសាងតំបន់ស៊ីជាំងដ៏ស្រស់ស្អាតឱ្យបានកាន់តែល្អក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន។ ដូចដែលយើងបានដឹងទាំងអស់គ្នាថា បច្ចេកវិទ្យារបស់ប្រទេសចិនបានធ្វើឱ្យភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់មួយនៅការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយទទួលបន្តមរតកស្មារតីផ្លូវសូត្របុរាណ បង្កើនមិត្តភាព ភាតរភាព ពាណិជ្ជកម្ម និងច្រករបៀងបច្ចេកវិទ្យា ជាក់ស្តែងភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានធ្វើការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ជាង២២០លើទូទាំងពិភពលោក ដែលបានក្លាយជាតំបន់ឈានមុខគេនៃច្រករបៀងមាសរវាងអាស៊ីនិងអឺរ៉ុប ហើយគ្រាន់តែក្នុងឆ្នាំ២០២៤កន្លងមក រថភ្លើងចិន-អឺរ៉ុប មានចំនួន១ម៉ឺន៦ពាន់៤រយលើកបានបើកឆ្លងកាត់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង។
«ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» បាននិងកំពុងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញតាមរយៈផ្ទៃដីមហាសាលនៃវាលស្មៅ ដើមឈើ បៃតងភាព ដោយបានទាក់ទាញទេសចរលើសពី៥លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើង៤៦%បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ដោយឡែក ការផ្តល់«ពានរង្វាន់លើកទី៤ជូនទូតសុឆន្ទៈបរទេសផ្លូវសូត្រ» ក្នុងឆ្នាំ២០២៥នេះក៏បានរៀបចំឡើងយ៉ាងឧឡារិកនៅទៅនោះផងដែរ។ ការណ៍នេះ ទូតសុឆន្ទៈបរទេសផ្លូវសូត្របាននិងកំពុងជំរុញកិច្ចផ្សព្វផ្សាយពីមាសបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បង្កើនការទាក់ទាញទេសចរបរទេសកាន់តែច្រើនបន្ថែមទៀតមកផ្តិតយករូបភាពកាន់តែប្រត្យក្សដើម្បីចែករំលែកដល់ពិភពលោក ហើយសក្តានុពលនេះបានបានក្លាយជាបច្ច័យទានដ៏សំខាន់ដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក្នុងការរៀបចំកម្មវិធី «ស៊ីនជាំងជាទីកន្លែងដ៏ស្រស់ស្អាត» នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដើម្បីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងជាការចូលរួមគាំទ្រដល់ដល់យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ព្រមទាំងបាននាំយកសម្លេងសច្ចភាពយ៉ាងច្បាស់លាស់នៃភូមិភាគនេះរួមចំណែកបន្ថែមទៀតដល់ល្បឿននៃសេដ្ឋកិច្ចបៃតងរបស់ប្រទេសយើងទាំងពីរ។
ជារួម «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង»នៅក្នុងចរន្តនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនបាននិងកំពុងឈានយ៉ាងស្វាហាប់ក្នុងការពង្រីកទំហំសេដ្ឋកិច្ចដ៏ធំ គម្រោងឧស្សាហកម្មបច្ចេកវិទ្យាដ៏ជឿនលឿនរួមទាំងបច្ចេកវិទ្យាអាវកាស តំបន់ទេសចរណ៍ដ៏បៃតង និងលំនឹងស្ថិរភាពយ៉ាងប្រាកដប្រជានៃពហុវប្បធម៌ពហុជាតិពន្ធុដ៏មានប្រជាប្រិយ ផ្តល់កាលានុវត្តភាពកាន់តែប្រពៃដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍភូមិភាគដ៏មានសក្តានុពលនិងពោរពេញដោយភាពស្រស់ស្អាតលើមាគ៌ាដែលបក្សកុម្មុយនិស្តចិនបានធានាយ៉ាងមុតមាំថា«អភិវឌ្ឍ» គឺជាសមិទ្ធផលរួមគ្នានៃប្រជាជាតិចិនទាំង៥៦ជនជាតិដោយមានជនជាតិវៃវូអឺជាកម្លាំង និង «ចីរភាព»សម្រាប់ប្រជាជាតិចិនគ្រប់រូបនិងមនុស្សជាតិទូទាំងពិភពលោក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អត្ថបទដោយ៖ WIN WIN News Media