បទវិភាគ​៖​ តារាងពិន្ទុ​សេដ្ឋកិច្ច​នៅត្រីមាសទីមួយ​របស់ចិន ​”លើសពី​ការរំពឹងទុក”​ ដែលបង្ហាញពី​ភាពធន់​នៃសេដ្ឋកិច្ចដ៏ខ្លាំងក្លា​

 សេដ្ឋកិច្ច
 18 ម៉ោងមុន
 20
"សេដ្ឋកិច្ចចិន​លើសពី​ការរំពឹងទុក ​មានកំណើនខ្លាំងក្លា..."​ ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​ដូច​ជា កាសែត«The Straits Times»​ ប្រទេសសិង្ហបុរី​  កាសែត​«El País» ប្រទេស​អេស្ប៉ាញ​​និងកាសែត​«The New York Times» ​សហរដ្ឋអាមេរិក​ជាដើម​បាននាំគ្នា​ចុះផ្សាយដំណឹង​អំពីសមិទ្ធផល​សេដ្ឋកិច្ច​របស់ចិន​ក្នុងត្រីមាស​ទីមួយដូច​ការលើកឡើង​ខាង​លើ ។ ​តាមទិន្ន​ន័យ​ដែល​​រដ្ឋបាលជាតិ​ស្ថិតិចិន​បានប្រកាស​កាលពី​ថ្ងៃទី១៦ ​ខែមេសា ​បង្ហាញ​ឱ្យដឹងថា ​ផលិត​ផល​ក្នុងស្រុកសរុប (GDP) របស់ចិន​ក្នុងត្រីមាស​ទីមួយ​មានចំនួន​៣៣,៤១៩៣ ​ទ្រីលា​ន​យាន់ប្រាក់ចិន​ បើគិតតាម​តម្លៃថេរ​ គឺកើនឡើង​ ៥,០ ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេ​ល​ដូចគ្នា​នា​ឆ្នាំមុន ​ដែលបង្កើន​ល្បឿន​ ០,៥ ភាគរយ​បើប្រៀបធៀបនឹង​ត្រីមាស​ទីបួននៃឆ្នាំ​មុន ។ នៅក្នុង​ត្រីមាសទីមួយ​នៃ "ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥​" សេដ្ឋកិច្ចចិន​ទទួលបាន​ល្បឿន​​កំណើន​ ៥,០ ភាគរយ ​ហើយសូចនាករ​ជាច្រើនដូចជា​ការវិនិយោគ ​ការប្រើប្រាស់ ​ពាណិជ្ជកម្ម​ជាមួយ​បរទេសនិង​ប្រាក់ចំណេញ​នៃ​សហគ្រាស​ជាដើម សុទ្ធតែ​មាន​ភាពល្អប្រសើរ ។ តម្លៃបន្ថែមនៃ​វិស័យកសិកម្ម​ក្នុងត្រីមាស​ទីមួយបាន​កើនឡើង ​៣,៧ ភាគរយ​បើប្រៀប​ធៀប​នឹងរយៈពេល​ដូចគ្នា​នាឆ្នាំមុន ​ហើយការភ្ជួររាស់​ដាំដុះ​នារដូវផ្ការីក​បានដំណើរការ​យ៉ា​ង​រលូន ។ នៅក្នុងវិស័យ​ឧស្សាហកម្ម ​  តម្លៃបន្ថែម​របស់សហគ្រាស​ឧស្សាហកម្ម​ធុនមធ្យម​និងធំ​ក្នុងត្រីមាសទី​មួយបាន​បង្កើនល្បឿន​ ១,១ ភាគរយ​បើប្រៀប​ធៀបនឹង​ត្រីមាស​ទីបួននៃ​ឆ្នាំ​មុន ​។ រីកឯ​វិស័យ​សេវាកម្មក៏បាន​រក្សាកំណើន​យ៉ាងលឿន​ផងដែរ ​ដោយតម្លៃបន្ថែម​នៃវិស័យ​សេវាកម្មបាន​កើនឡើង​ ៥,២ ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំមុន ។ ទំហំលក់រាយ​សរុបនៃ​ទំនិញប្រើប្រាស់​ក្នុងសង្គមនៅ​ត្រីមាស​ទីមួយ​បានកើនឡើង​ ២,៤ ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន ដែល​បង្កើន​ល្បឿន​ ០,៧ ភាគរយ​បើប្រៀប​ធៀបនឹង​ត្រីមាសទីបួន​នៃឆ្នាំមុន ​។ ការវិនិយោគ​លើទ្រព្យសកម្មថេរ​បានប្រែក្លាយ​ពី​ភាព​​អវិជ្ជមានទៅជាវិជ្ជមាន​ ដោយបានកើនឡើង ​១,៧ ភាគរយក្នុង​ត្រីមាសទីមួយ ​។ ទំហំ​នាំចេញនាំចូល​ទំនិញ​សរុបបាន​កើនឡើង ១៥​ ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នានា​ឆ្នាំមុន ហើយល្បឿន​កំណើន​ប្រចាំត្រីមាស​គឺ​ខ្ពស់បំផុត​ក្នុងរយៈពេល​ ៥ ឆ្នាំ​កន្លងទៅនេះ​។ ក្នុងត្រីមាសទីមួយ​ តម្លៃបន្ថែមនៃ​ឧស្សាហកម្មផលិត​គ្រឿងបរិក្ខារ​ធុនមធ្យមនិងធំបាន​កើ​ន​ឡើង ​៨,៩ ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន ​ហើយតម្លៃ​បន្ថែមនេះត្រូវ​ជា​ ៣៥,១ ភាគរយនៃ​ឧស្សាហកម្ម​ធុនមធ្យមនិង​តូចទាំងអស់​ ដោយបាន​រក្សា​សមាមាត្រ​លើ​សពី ​៣០ ភាគរយក្នុង​​រយៈពេល​ ៣៧ ខែជាប់ៗគ្នា ។ ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​បាននាំគ្នា​វាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​សេដ្ឋកិច្ច​នៅត្រីមាសទីមួយ​នៃ "ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទី១៥"របស់ចិន​ ។ កាសែត​«Financial Times» របស់​អង់គ្លេស​បានចុះផ្សាយ​ដំណឹង​កាលពី​ថ្ងៃទី១៦ ខែ​មេសាថា ​ល្បឿនកំណើន​ GDP របស់ចិន​ក្នុងត្រីមាស​ទីមួយ​បានឈានដល់​កម្រិតខ្ពស់​នៃគោ​ល​ដៅ​កំណើន​ពេញមួយឆ្នាំ​ពី៤,៥ ភាគរយ​ដល់៥,០ ភាគរយ ​។ កាសែត​«The Straits Time​s»​ របស់​សិង្ហបុរីបាន​ចុះផ្សាយដំណឹង​កាលពី​ថ្ងៃទី១៦ ខែមេសាថា ​​ការផលិត​ផលិតផលដូច​ជា​វត្ថុពាក់កណ្ដាល​ចម្លង​​ មនុស្សយន្ត​ឧស្សាហកម្ម​ ថ្មពិល​លីចូមនិង​ម៉ាស៊ីន​បោះពុម្ព​ 3D ជាដើម ​បានបង្ហាញ​​នូ​វភាពល្អប្រសើរ​ ដោយស​ម្រេចបាន​នូវកំណើន​ពីរខ្ទង់​ក្នុងត្រីមាសទីមួយ​ ដែលមាន​ល្បឿនកំណើន​​ពី ២៤ ភាគរយ​ដល់៥៤​ ភាគរយ ​។ ទីភ្នាក់ងារ​សារព័ត៌មាន​ Bloo​m​berg នៃសហរដ្ឋអាមេរិក​បាន​ផ្សាយដំណឺង​ឱ្យដឹងថា​ ក្រោម​ការជំរុញពី​ឧស្សាហកម្មកម្មន្ត​សា​ល​និងការនាំចេញ​ដ៏រឹងមាំ​ GDP​របស់ចិន​ក្នុងត្រីមាសទីមួយ​បានកើនឡើង ​៥,០ ភាគរ​យ​​​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នានា​ឆ្នាំមុន​ ។ នៅ​ខែមីនាឆ្នាំនេះ​ តម្លៃបន្ថែម​នៃសហ​គ្រា​សឧស្សាហកម្ម​ធុន​មធ្យម​និងធំបាន​កើនឡើង ៥,៧ ​ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេ​ល​ដូចគ្នា​នាឆ្នាំមុន ដែលលើសពី​ការរំពឹងទុក​នៃទីផ្សារ ​។ ​តាម​ការផ្សាយ​ដំណឹងនៃ​កាសែត ​«South China Morning Post» ឱ្យដឹងថា ​លោក Xu Tianchen​ ​សេដ្ឋវិទូជាន់ខ្ពស់​នៃ​ធនាគារ​គំនិតសេដ្ឋវិទូ​របស់អង់គ្លេស​ (Economist Intelligence Unit) ​បាន​យល់ឃើញថា ​"ចិនគ្មាន​បញ្ហាអ្វីទេ​ក្នុង​ការសម្រេច​បាននូវ​គោលដៅកំណើន​ពី៤,៥ ភាគរយ​ដល់៥ ភាគរយ​នៅឆ្នាំនេះ " ។ ក្នុងបរិបទ​ដែល​ការប៉ះទង្គិច​ភូមិសាស្ត្រ​នយោបាយបាន​ផ្ទុះឡើង​និងពិភពលោក​មាន​ភាពរង្គោះរង្គើខ្លាំង​ សេដ្ឋកិច្ចចិននៅតែ​បន្តរក្សា​សន្ទុះកំណើន​ដ៏រឹងមាំ ​។ ដូច​ប្រសាសន៍​រ​បស់​​លោក Mao Shengyong ​អនុប្រធាននៃ​រដ្ឋបាលជាតិស្ថិតិ​ចិនដែលបាន​លើកឡើងថា​ ប្រ​សិទ្ធ​ភាព​នៃការធ្វើពិពិធកម្ម​ពាណិជ្ជកម្ម​បរទេសរបស់ចិន​កំពុង​លេចចេញ​ជាបន្តបន្ទាប់ ​​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​អន្តរជាតិ​លើមូលដ្ឋាននៃ​ការផ្តល់ផលប្រ​យោ​​ជ​ន៍​ដល់គ្នាទៅវិញ​ទៅមកនិង​ឈ្នះ-ឈ្នះគឺមាន​កម្លាំងរស់រវើក​ខ្លាំងបង្គួរ ​​ហើយ​សេដ្ឋកិច្ច​​ចិន​​មាន​មូលដ្ឋាននឹងនរ​ ​ឧត្តមភាពជាច្រើន​​ ភាពធន់ដ៏​ខ្លាំងក្លា​ និងមាន​សក្តានុពលយ៉ាង​ខ្លាំ​ង​​ ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ទប់ទល់នឹង​ហានិភ័យ​និងបញ្ហាប្រឈម​ពីខាង​ក្រៅ​ ​។ ចិនមាន​ឧត្តមភាព​ខាង​ប្រព័ន្ធរបប​ដ៏ខ្លាំងក្លា​ ​មានឧត្តមភាព​ខាងឧស្សាហកម្ម​ ទីផ្សារ​និង​ធនធានមនុស្ស​ដែលសន្សែសន្សំ​បានក្នុង​រយៈពេលយូរ​ ​ ដូច្នេះ ​ចិនមានលក្ខ​ខណ្ឌ​ទាំង​ស្រុង​ក្នុង​ការ​​សម្រេចបាននូវ​ដំណើរការ​ប្រកបដោយ​ស្ថិរភាពនិង​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​នៃសេដ្ឋកិច្ច​​ពេញមួយឆ្នាំ ៕

អត្ថបទដោយ៖ WIN WIN News Media