លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាពិសាតែពិភាក្សាការងារជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump ជាភរិយា
លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងថា នេះជាការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិករបស់ខ្ញុំ មកកាន់វ៉ាស៊ីនតោនសារជាថ្មី ដែលរំលងអស់រយៈពេល ១១ ឆ្នាំ ដំណើរទស្សនកិច្ចលើកនេះ យើងបានបំពេញបន្ថែមនូវខ្លឹមសារនៃទំនាក់ទំនងចិន-អាមេរិក ហើយបានឯកភាពគ្នាក្នុងការរួមគ្នាកសាង“ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា ដោយឈរលើមូលដ្ឋានគោរពគ្នា យុត្តិធម៌និងសមភាពទៅវិញទៅមក” ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបានទទួលលទ្ធផល ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ ដែលនឹងត្រូវទទួលបានការស្វាគមន៍ពីប្រជាជន នៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំមានឆន្ទៈធ្វើការជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បីរួមគ្នាបង្កើតទំព័រដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍ
ទំនាក់ទំនងរវាងចិន និងអាមេរិកតាមរយៈភាពក្លាហាន និងស្មារតីទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ។
លោក Donald Trump បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក របស់លោក Xi Jinping ប្រធានរដ្ឋចិនលើកនេះ គឺជាដំណើរទស្សនកិច្ចមួយប្រកបដោយលក្ខណៈស្ថាបនានិងមានភាពជោគជ័យ ។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងអាមេរិកនិងចិន ព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់ដ៏សំខាន់ៗ ដោយសម្រេចបាននូវលទ្ធ ផលវិជ្ជមានជាច្រើន ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ។ ខ្ញុំ រំពឹងទុកថា បន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋចិន Xi jingping រួមគ្នាដឹកនាំការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិកនិងចិន ។
បន្ទាប់ពីពិសាតែពិភាក្សាការងារ លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ជាភរិយា បានអញ្ជើញទៅទស្សនាបណ្ណសារជាតិសហរដ្ឋអាមេរិក ដោយមានការអមដំណើរពីលោកDonald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump ជាភរិយា ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនិងលោកស្រីភរិយា បានអញ្ជើញដើរចូលសាលកណ្តាលនៃបណ្ណសារជាតិរួមគ្នា ហើយបានស្តាប់ការណែនាំអំពីបណ្ណសារនេះ និងវត្ថុដែលដាក់តាំងបង្ហាញ ។
លោក Xi Jinping បានថ្លែងថា ឯកសារបណ្ណសារផ្ទុកនូវប្រាជ្ញារបស់បុព្វបុរស និងជាប្រភពនៃការបំផុសគំនិតសម្រាប់អនាគត ។ អស់រយៈពេល ២៥០ ឆ្នាំមកហើយ ប្រជាជនអាមេរិកបានខិតខំស្វែងរកក្តីសុបិនអាមេរិក ដោយកសាងប្រទេសជាតិដ៏ខ្លាំងធូរធា និងស្រស់ស្អាតនៅលើទ្វីបអាមេរិកខាងជើង។ ប្រជាជនចិនបន្តវេននូវប្រពៃណីវប្បធម៌ដែលមានអាយុកាល ៥០០០ ឆ្នាំរបស់ប្រជាជាតិចិន ហើយទទួលបាននូវសមិទ្ធផលថ្មីឥតឈប់ឈរនៅលើដំណើរមាគារថ្មីដែលឆ្ពោះទៅរកការសម្រេចបាននូវ
សុបិនចិនស្ដីពីការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន ។ ចិន និងអាមេរិកគឺជាប្រទេសទាំងពីរដែលមានលក្ខណៈពិសេសរៀងៗខ្លួន ទោះបីប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធសង្គមនិងមាគ៌ានៃការអភិវឌ្ឍមានភាពខុសគ្នាក៏ដោយ ក៏ប្រជាជននៃប្រទេសទាំងពីរមានបំណងប្រាថ្នារួមគ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរ ។ តាមរយៈការទទួលស្គាល់និងការគោរពភាពខុសគ្នារបស់គ្នាទៅវិញទៅមក ពង្រឹងការយល់ដឹងគ្នានិងការរៀនសូត្រពីគ្នា ការស្វែងរកចំណុចរួម ការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង ការ ខ្វែងគំនិតគ្នាដោយសមរម្យ នោះទំនាក់ទំនងទ្វេភាគីនឹងអាចបោះជំហានទៅមុខ ប្រកបដោយស្ថិរភាពនិងយូរអង្វែង ៕ អត្ថបទដោយ៖ WIN WIN News Media