សេចក្តីប្រ សេចក្តីប្រកាសព័ត៌មាន ស្តីពី “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥”
ទិវាធានារ៉ាប់រងកម្ពុជានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣៖១)លើកកម្ពស់ការយល់ដឹង និងជំរុញ
ការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ២) បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមាន ពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិ កាលទី៧ របស់រាជរដ្ឋាភិបាល និង៣) បង្ហាញដល់សាធារណជនឱ្យបានជ្រាបថាវិស័យធានារ៉ាប់រង ជាផ្នែកដ៏សំខាន់ មួយ ដែលមានតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើន សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះផងដែរ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យនៃការរៀបចំទិវាធានារ៉ាប់រងកម្ពុជា ២០២៥ ឯកឧត្តម រស់ សីលវ៉ា បានគូសរំលេចពីសារៈសំខាន់ នៃវិស័យធានារ៉ាប់រងក្នុងការទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម និង រួម ចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកនូវទិសដៅការងារសំខាន់ៗ ក្នុងការជំរុញទីផ្សារ ធានារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានគូសបង្ហាញឱ្យ ឃើញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់របស់វិស័យធានារ៉ាប់រង ក្នុងរយៈពេលប្រមាណ៥ឆ្នាំ កន្លងមកនេះ។
ជាក់ស្តែងក្នុងឆ្នាំ២០២៤ ទីផ្សារធានារ៉ាប់រងកម្ពុជាមានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន ១០៨ ដែលក្នុងនោះរួមមាន ក្រុមហ៊ុន ធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុន ធានារ៉ាប់រងបន្តចំនួន ១ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០ ក្រុមហ៊ុន វាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤ ក្រុមហ៊ុនគ្រប់គ្រងសំណងធានារ៉ាប់រងចំនួន ២ និងក្រុមហ៊ុនគណនាបុព្វលាភ ធានារ៉ាប់រងចំនួន ២ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។ ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារ ធានារ៉ាប់រងកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ និងបានចូលរួមចំណែកក្នុង សេដ្ឋកិច្ចកម្ពុជាជាអត្រាភាគទានធានារ៉ាប់រងប្រមាណ ១,១៣% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៦៥ ដុល្លារអាម៉េរិកក្នុងមនុស្សម្នាក់។សូចនាករគន្លឹះទាំងពីរនេះបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេង សម្រាប់ការរីកចម្រើននាពេលខាងមុខហើយក៏បញ្ជាក់ផងដែរថាកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រងនិងជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រងគឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការ ផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតអំពីខ្លឹមសារនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។
ដោយពិនិត្យឃើញពីសក្តានុពលនិងបញ្ហាប្រឈមខាងលើនេះនិយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំទិវានេះឡើង ដោយសង្ឃឹមជឿជាក់ថា ទិវានេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការយល់ដឹងរបស់ប្រជា ពលរដ្ឋក្នុងខេត្តអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំរុញសេវាធានារ៉ាប់រងឱ្យកៀកនឹងប្រជាពលរដ្ឋ។ បន្ថែមពីនេះ ទិវាធានារ៉ាប់រងមានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនរួមមាន៖ សន្និសីទសារព័ត៌មានពីវិស័យធានារ៉ាប់រង, ការបរិច្ចាគថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ការតាំងពិព័ណ៌ផលិតផលធានារ៉ាប់រង, ការរត់កម្សាន្តក្រោមប្រធានបទ "រត់ដើម្បីអនាគត យើង" ក្នុងស្មារតីប្រមូលថវិកាជូនដល់កាកបាទក្រហមប្រចាំខេត្តបាត់ដំបងដើម្បីគាំទ្រដល់សកម្មភាពសង្គម ជាពិសេស រួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដើម្បីកុមារដែលកំពុងទទួលការព្យាបាល ដោយឥតគិតថ្លៃ។ អត្ថបទដោយ៖ WIN WIN News Media