កម្ពុជា-ចិន បានរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ ដើម្បីផ្សារភ្ជាប់រវាងសម្រាប់សហគ្រាស និងអ្នកស្វែងរកការងារដោយផ្ទាល់ ខណៈដែលក្រុមហ៊ុនចិននៅកម្ពុជាជាច្រើន កំពុងខ្វះខាតកម្លាំងពលកម្ម

 សង្គម
 ២៣ កក្កដា ២០២៥
 61
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា បានរៀបចំនូវពិព័រណ៍ការងារប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “គំនិតយុវជនផ្លូវសូត្រ អភិវឌ្ឍន៍ជំនាញ ឆ្ពោះទៅអនាគត ឆ្នាំ២០២៥" នៅព្រឹកថ្ងៃទី២២ ខែកក្កដា នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីបើកពិព័រណ៍ការងារប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងលោកស្រី ជុង ជា ទីប្រឹក្សានៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតចិនប្រចាំនៅកម្ពុជា។ លោក ថាវ គួងយ៉ាវ អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍ការងារនៃសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំឆ្នាំ២០២៥ នេះ គឺជាចំណុចចាប់ផ្តើម សម្រាប់ការសហការយ៉ាងជ្រាលជ្រៅនាពេលអនាគត ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសំខាន់មួយរបស់សមាគម ដើម្បីផ្សារភ្ជាប់រវាងសហគ្រាស និងអ្នកស្វែងរកការងារ ក៏ដូចជាដើម្បីជួយសហគ្រាសជ្រើសរើសនិយោជិក ដែលមានសមត្ថភាព និងផ្តល់ឱកាសដល់អ្នកស្វែងរកការងារកម្ពុជា ក្នុងការពង្រឹងអាជីពផងដែរ។ លោក ថាវ គួងយ៉ាវ បានលើកឡើងថា សហប្រតិបត្តិការដ៏ល្អឥតខ្ចោះរវាងចិន និងកម្ពុជា បានជួយឱ្យអាជីវកម្មរបស់សមាគមសភាពាណិជ្ជកម្ពុជា- ចិន មានការរីកចម្រើន និងប្រតិបត្តិការយូរអង្វែងនៅកម្ពុជា។ សមាជិកសហគ្រាសចិននៅកម្ពុជា បានពង្រីកសកម្មភាព ហើយមានតម្រូវការនិយោជិកជំនាញកាន់តែខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាស បានជួបការលំបាកមួយចំនួនក្នុងការជ្រើសរើសនិយោជិក រួមមានដូចជា៖ កង្វះបណ្តាញប្រកាសការងារ កង្វះនិយោជិកទូទៅ ពិបាកក្នុងការស្វែងរកនិយោជិកជំនាញ និងបញ្ហាការរក្សាបុគ្គលិកឱ្យមានស្ថិរភាព។ លោក ថាវ គួងយ៉ាវ ក៏បានបញ្ជាក់ផងដែរថា ចំពោះអនាគត សភាពាណិជ្ជកម្ពុជា-ចិន និងសមាគមរបស់ខ្លួន នឹងពិភាក្សា និងអំពាវនាវឱ្យសហគ្រាសចិននៅកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការសហការរវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពិតប្រាកដដល់ស្ថាប័នឧត្តមសិក្សាកម្ពុជា និងផ្តល់ឱកាសអនុវត្ត និងការបណ្តុះបណ្តាលដល់និស្សិត និងអ្នកដែលទើបចាប់ផ្តើមអាជីព ដើម្បីជួយឱ្យពួកគេងាយស្រួលក្នុងការបំពេញការងារ។  លោក ក៏បានអះអាងផងដែរថា នឹងយកចិត្តទុកដាក់លើការគាំទ្រដល់សមាជិកក្នុងការបង្កើតផែនការអភិវឌ្ឍន៍អាជីពដ៏ច្បាស់លាស់ និងមានសក្តានុពលសម្រាប់និយោជិកខ្មែរ ដោយផ្តោតលើការកែលម្អស្ថានភាពការងារ និងបរិស្ថានការងារ ដើម្បីឱ្យការងារនៅក្នុងសហគ្រាសចិន ក្លាយជាគោលដៅសំខាន់មួយដល់អ្នកស្វែងរកការងារនៅកម្ពុជា។ ថ្លែងក្នុងឱកាសនោះ លោក ជា កុសល តាងនាមឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កន្លងមកក្រសួងការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ និងភាគីពាក់ព័ន្ធនៅក្នុងទីផ្សារការងារទាំងអស់ បានខិតខំសហការរៀបចំព្រឹត្តិការណ៍ និងពិព័រណ៌ការងារជាច្រើននៅតាមរាជធានី-ខេត្ត ដែលបានក្លាយជាសកម្មភាពរស់វើក កៀរគរក្រុមហ៊ុន និងសហគ្រាសមកពីគ្រប់ទិសទី និងគ្រប់វិស័យ ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានជ្រើសរើសកម្លាំងពលកម្ម អំពីតម្រូវការជំនាញ ដែលបើកឱកាសទូលាយដល់យុវជន និងអ្នកស្វែងរកការងារ បានចូលទស្សនា មានជម្រើសការងារ និងអាចដាក់ពាក្យស្នើសុំការងារដែលខ្លួនចង់ធ្វើ។  លោករដ្ឋលេខាធិការក្រសួងការងារ បានចាត់ទុកការរៀបចំពិព័រណ៌ការងារនៅពេលនេះ ជាកម្មវិធីឈ្នះឈ្នះ ទាំងអស់គ្នា ដែលមិនត្រឹមតែជាកន្លែងផ្សព្វផ្សាយឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកស្វែងរកការងារធ្វើ បានជួបជាមួយម្ចាស់សហគ្រាស និងក្រុមហ៊ុនដែលមានតម្រូវការផ្ទាល់ ដែលជាបទពិសោធន៍ដ៏មានតម្លៃ។ លោក បានវាយតម្លៃខ្ពស់ចំពោះសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតនូវព្រឹត្តិការណ៍មួយនេះ។  បើតាមរបាយការណ៍ បានឱ្យដឹងថា តាមរយៈកម្មវិធីពិព័រណ៌ការងារកម្ពុជា-ចិន ប្រចាំឆ្នាំ២០២៥នេះ មានក្រុមហ៊ុនចំនួន ៥០ បាននាំឱកាសការងារប្រមាណជិត ១០០០ពាន់កន្លែង សម្រាប់អ្នកដែលស្វែងរកការងារធ្វើ។  សូមបញ្ជាក់ថា សមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាសមាគមចិនមួយក្នុងចំណោមបីនៅកម្ពុជា និងជាសមាគមសហគ្រិនចិនតែមួយគត់ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។ បច្ចុប្បន្ននេះ សមាគម មានសមាជិកចំនួនជាង ៥០០ សហគ្រាស ដែលមានសកម្មភាពអាជីវកម្មនៅក្នុងវិស័យជាច្រើន។  ក្នុងអំឡុងពេល៣០ឆ្នាំកន្លងមក សមាគមសភាពាណិជ្ជកម្ពុជា-ចិន និងសមាជិករបស់ខ្លួនបានចូលរួមយ៉ាងសកម្ម ដោយនាំយកបទពិសោធន៍ បច្ចេកវិទ្យា និងផលិតផលទំនើបៗចូលមកកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មចិន-កម្ពុជា និងរួមចំណែកសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគន្លឹះរបស់កម្ពុជា ដូចជា ផ្លូវ ស្ពាន អាកាសយានដ្ឋាន ស្ថានីយ៍អគ្គិសនីជាតិ បណ្តាញផ្គត់ផ្គង់អគ្គិសនី ការផលិតអគ្គិសនីពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យា ព័ត៌មានវិទ្យាជាដើម៕

អត្ថបទដោយ៖ WIN WIN News Media