BREAKING NEWS៖ អ្នកនាំពាក្យកងទ័ពថៃប្រកាសបដិសេធសំដី«ផាតក្លាង»ដែលប្រកាសវាយយកប្រាសាទតាក្របី

 អន្តរជាតិ
 5 ថ្ងៃមុន
 67
ថៃ៖ អ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយទោ Winthai Suvaree បានចេញមុខបដិសេធពីការលើកឡើងរបស់មេបញ្ជាការភូមិភាគ២ ដោយថាលោក ផាតក្លាង មិនបាននិយាយថា នឹងយកប្រាសាទតាក្របីវិញ ដោយប្រើប្រាស់កម្លាំងទ័ពទេ តែថៃនឹងប្រើប្រាស់មធ្យោបាយសមស្រប។ ការចេញមុខបដិសេធរបស់លោកអ្នកនាំពាក្យកងទ័ពថៃរូបនេះធ្វើឡើងបន្ទាប់លោកផាត ក្លាង កាលពីល្ងាចថ្ងៃទី ១០ ខែ សីហាបានចេញមុខប្រកាសវាយយកប្រាសាទតាក្របី នឹងឈានទៅដល់បិទប្រាសាទតាមាន់ធំដែលជាសម្បត្តិ និងស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ យោងតាមកាសែតថៃ ខោស៊ត ចេញផ្សាយនៅរសៀលថ្ងៃទី ១១ ខែ សីហានេះបានអះអាងថាថៃគ្មានចេតនាញុះញង់ ឬរៀបចំផែនការប្រើប្រាស់កម្លាំងយោធាក្នុងការវាយយកប្រាសាទតាក្របីឡើយ ដោយថៃនឹងប្រើមធ្យោបាយសមស្របផ្សេង។ លោកថានាពេលអនាគតថៃនឹងវាយយកនឹងគ្រប់គ្រងប្រាសាទតាក្របីវិញតាមរយៈជំហានសមស្រប។ លោកក៏បាននិយាយផងដែរថាលោកនឹងរៀបចំដើម្បីពិភាក្សាអំពីបញ្ហានេះនៅក្នុងក្របខ័ណ្ឌ RBC (គណៈកម្មាធិការព្រំដែនក្នុងតំបន់) ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ ហើយបានសង្កត់ធ្ងន់លើជំហររបស់ថៃក្នុងការមិនដកថយពីខ្សែបន្ទាត់ពង្រាយកងទ័ពដើមឡើយ។ គួរកត់សម្គាល់ថាកាលពីថ្ងៃទី ១០ ខែ សីហាម្សិលមិញ លោក ផាតក្លាង អះអាងថាថៃបានព្យាយាមវាយនឹងកាន់កាប់ប្រាសាទតាក្របីដល់ទៅ ៤ ដងតែទទួលបានការបរាជ័យដោយសារតែនៅទីនោះមានកងកម្លាំងកម្ពុជានៅក្បែរជាប់ប្រាសាទជានិច្ចហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក។ ផាតក្លាង ថាទាហានថៃព្យាយាមវាយចូល ៤ថ្ងៃជាប់ៗគ្នាបែកចែកចេញជា ១១ ទីតាំងតែនៅតែមិនអាចវាយបានដោយសារតែតំបន់នោះសម្បូរទៅដោយគ្រាប់មីនមិនទាន់ផ្ទុះ។ លោកថាពេលនេះទាហានថៃកំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រពីប្រាសាទ។

អត្ថបទដោយ៖ WIN WIN News Media