ប្រធានអាស៊ាន ប្រាប់ថៃឱ្យយកបញ្ហាព្រំដែនជាមួយកម្ពុជា ដាក់តុចរចា

 អន្តរជាតិ
 ១៩ កញ្ញា ២០២៥
 55
ភ្នំពេញ៖ លោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានប្រាប់លោក Anutin Charnvavidakul នាយករដ្ឋមន្ត្រីថៃឱ្យយកបញ្ហាព្រំដែនជាមួយកម្ពុជា ដាក់តុចរចាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC)។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក អាន់វ៉ា អុីប្រាហ៊ីម បានឱ្យដឹងថា រូបលោកបានជជែក ជាមួយលោក Anutin Charnvavidakul នាយករដ្ឋមន្ត្រីថៃអំពីការវិវឌ្ឍន៍ចុងក្រោយនៅតាមព្រំដែនថៃ-កម្ពុជា។ លោកអាន់វ៉ា សង្កត់ធ្ងន់ថា វាមានសារៈសំខាន់សម្រាប់ភាគីទាំងអស់ ក្នុងការរក្សាសណ្តាប់ធ្នាប់ និងមិនអនុញ្ញាតឱ្យមានភាពខុសគ្នាណាមួយ បង្កើតភាពតានតឹងដែលមិនចាំបាច់ឡើយ។ លោកអាន់វ៉ា បានស្នើឱ្យបញ្ហាទាំងអស់ដែលកើតឡើងត្រូវនាំយកទៅកាន់តុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC)។ លោកថា ប្រទេសម៉ាឡេស៊ីជឿជាក់ថា ស្មារតីនៃការសន្ទនា ការទូត និងការយោគយល់ គឺជាវិធីល្អបំផុត ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អត្ថបទដោយ៖ WIN WIN News Media