ក្រសួងព័ត៌មាន បានកាត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណីគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥
ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្ត យន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នមានសមត្ថកិច្ច ខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ ។
ឯកឧត្តម ទេព អស្នារិទ្ធ បានបង្ហាញពីវិធានការ ទប់ស្កាត់ ព័ត៌មានក្លែងក្លាយដែលបានរកឃើញទាំងអស់នោះ ជាពិសេសមាតិកា ដែលមានប្រភពនៅក្រៅប្រទេស ដោយបានសហការជាមួយក្រុមហ៊ុន មេតា (ហ្វេសប៊ុក ) និងក្រុមហ៊ុន តិកតុក។
«ក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញអំពីការរំលោភបំពានទៅលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹង គោលការណ៍ នៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។ ដូច្នេះហើយ ក្រសួងបានសហការជាមួយនឹងក្រុមហ៊ុនទាំងពីរនេះ ។ ក្នុងនោះបានដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការរំលោភបំពានក្រមសីលធម៌ ក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមទាំងពីរនេះ គឺបានប្រមាណ ៣០ ករណី។ ជាមួយគ្នានេះ ក្រសួងសហការជាមួយម្ចាស់គណនី និងផេកបណ្តាញសង្គម ដែលបានផ្សាយខុស ដោយបានស្នើឱ្យដកមាតិកាចេញ ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់ដល់សន្តិសុខជាតិ ព្រមទាំងតម្រង់ទិសលើក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ សរុប១៥៥ករណី។»

អត្ថបទដោយ៖ WIN WIN News Media