ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធាន អ.ជ.ប.គ.ញ. បានអញ្ជើញជាសហគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា លេខ០២ បប ស្តីពីការដាក់ចេញវិធានការហាមឃាត់

 សង្គម
 ២៧ វិច្ឆិកា ២០២៥
 40
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអ.ជ.ប.គ.ញ. រួមនឹង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអ.ជ.ប.គ.ញ. បានអញ្ជើញជាសហគណៈអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា លេខ០២ បប។ កិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ សូមជម្រាបជូនថា បទបញ្ជាលេខ០២ បប ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថា មានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិងយុវជននៅព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជាពិសេសប៉ះពាល់ដល់សុខភាពអ្នកសិក្សានិងបុគ្គលិកអប់រំ។ ពាក់ព័ន្ធនឹងបញ្ហានេះការប្រើប្រាស់ឧបករណ៍សម្រាប់ជក់ និងស៊ីស្សាទាំងនេះ ជាជំហានដែលអាចនាំឱ្យអ្នកប្រើប្រាស់វាឈានដល់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផងដែរ៕

អត្ថបទដោយ៖ WIN WIN News Media