សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
ជាក់ស្តែងបន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង អញ្ជើញនាំយកសម្ភារៈនិងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារនៃសពសិស្សទាំង៥រូបនៅគេហដ្ឋាននៃសព ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងហេតុការដ៏សែនសោកសង្រេងនេះ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗ ចៅៗ សិស្សានុសិស្សបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលរថយន្តដឹកសិស្សក្រឡាប់ចូលស្រះទឹក។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឱ្យស្លាប់ដោយសារឈ្លក់ទឹក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គូសបញ្ជាក់ដែរថា សិស្សដែលបានបាត់បង់អាយុជីវិតរួមមាន៖
១. សៀង សុផាវត្តី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង
២. ឡេង យូលី ភេទស្រី រស់នៅភូមិ ពហ៊ា ឃុំ កំពង់អំពិល ស្រុក ពារាំង ខេត្តព្រៃវែង
៣. លី នីតា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
៤. សីហា សួស្តី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ តាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
៥. ឃាង ឈីងឈីង ភេសស្រី អាយុ ១២ឆ្នាំរស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង៕ អត្ថបទដោយ៖ WIN WIN News Media