ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសបារាំង ក្នុងការគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី “ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា”។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងកិច្ចសហការជាមួយគណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី (AHRC) ក្នុងការរៀបចំវេទិកាស្តីពីការលើកកម្ពស់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធរវាងកម្ពុជា និងអូស្រ្តាលី ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនគួរឱ្យកត់សម្គាល់ រួមទាំងក្នុងវិស័យសិទ្ធិមនុស្ស ជាពិសេសសមភាពយេនឌ័រ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងជាសង្ខេបពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ៕
អត្ថបទដោយ៖ WIN WIN News Media