ឯកឧត្តមបណ្ឌិត ឆាយ សុផល ដឹកនាំមន្រ្តីសមាគមអ្នកសារព័ត៌មានអាស៊ីចូលជូបឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ
នៅក្នុងជំនួបនារសៀលថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ បណ្ឌិត ឆាយ សុផល បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថា សមាគម AJA មានលេខាធិការដ្ឋានប្រចាំនៅរដ្ឋធានីសេអ៊ូល ដែលមានសមាជិកជាអ្នកសារព័ត៌មានមកពីជិត៣០ប្រទេស នៅក្នុងទ្វីបអាស៊ី និងមជ្ឈឹមបូព៌ា។
ឯកឧត្តមបណ្ឌិតបានជម្រាបជូនថា លោក Lee Sang-ki ជាប្រធានស្ថាបនិកនៃសមាគម AJA និងជាបណ្ណាធិកានៃទស្សនាវត្ដី និងគេហទំព័រដំណឹង AsiaN របស់សមាគម AJA ហើយគេហទំព័រដំណឹងប្រចាំថ្ងៃនេះមាន៤ភាសា គឺភាសាកូរ៉េ ភាសាអង់គ្លេស ភាសារុស្ស៊ី និងភាសាប៉ាគីស្ថាន ដោយសមាជិក AJA ទាំងអស់អាចផ្តល់ និងយកទៅផ្សាយបន្តសម្រាប់ស្ថាប័នសារព័ត៌មានរៀងៗខ្លួន។
ឯកឧត្តមបណ្ឌិតបន្តថា កន្លងមកតាមរយៈឯកឧត្តមបណ្ឌិត គឺទស្សនាវត្ដី និងគេហទំព័រដំណឹង AsiaN បានផ្សាយដំណឹងខ្លីៗជាច្រើនស្តីពីវប្បធម៌ ប្រពៃណី និងទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ជាពិសេស បញ្ហាដែលយោធាថៃបានឈ្លានពានកម្ពុជាកន្លងមក និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ពីសំណាក់យោធាថៃឈ្លានពានរហូតមកដល់បច្ចុប្បន្ន។
ពាក់ពាក់ព័ន្ធនឹងឃាតកម្មលើនិស្សិតកូរ៉េម្នាក់កន្លងទៅនៅកម្ពុជា ដែលនាំឱ្យជនជាតិកូរ៉េមួយចំនួនយល់ច្រឡំ និងមិនសប្បាយចិត្តនឹងកម្ពុជា គឺលោក Lee ដែលធ្លាប់មកកម្ពុជាចំនួនពីរលើក ហើយបានយល់ដឹងបានច្រើនពីប្រជាជន និងប្រទេសកម្ពុជា ក៏បានសរសេរអត្ថបទទស្សនៈមួយចំនួនពាក់ពាក់ព័ន្ធនឹងរឿងនេះ ដោយលោកបានពន្យល់ និងបកស្រាយពីហេតុការណ៍ដែលជនជាតិផ្សេងជាអ្នកប្រព្រឹត្តនៅលើទឹកដីកម្ពុជា ហើយជនសង្ស័យបានគេចខ្លួនទៅប្រទេសថៃរហូតត្រូវបានចាប់ខ្លួននៅក្នុងប្រទេសនោះ។
លោក Lee បានស្នើសុំឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អាចជួបយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដើម្បីបានព័ត៌មានពិតស្តីពីកម្ពុជា ហើយនៅឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ លោក Lee គ្រោងដឹកនាំអ្នកសារព័ត៌មានមួយចំនួនដែលជាសមាជិកសមាគម AJA ទៅទស្សនាកម្ពុជា ដើម្បីបានព័ត៌មានពិតបន្ថែម។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ និងរីករាយសហការណ៍ជាមួយសមាគម AJA ហើយបានស្នើឱ្យសមាគម AJA ជួយផ្សាយអត្ថបទ ជាពិសេសជាភាកូរ៉េ ដើម្បីឱ្យប្រជាជនកូរ៉េបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពពិតរបស់កម្ពុជា។
ក្រៅពីការបង្ហាញពីបេសកកម្មរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវវឌ្ឍប្រទេស ជាពិសេសទំនាក់ទំនងការទូតរវាងកម្ពុជានិងកូរ៉េ ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ដែរថា កម្ពុជាមិនចង់ឱ្យសារព័ត៌មានឈរនៅខាងកម្ពុជានោះទេ ឬក៏បន្ទោសអ្នកផ្សេងនោះដែរ ប៉ុន្តែសុំតែផ្សាយពីការពិត មានតុល្យភាព និងយុត្តិធម៌សម្រាប់កម្ពុជាតែប៉ុណ្ណោះ ជាពិសេសរឿងឧក្រិដ្ឋកម្មអនឡាញ ដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការបង្រ្កាបដោយម៉ឺងម៉ាត់។
សូមបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិត ឆាយ សុផល ក៏បាននាំយកសៀវភៅមួយចំនួនជូនស្ថានឯកអគ្គរាជទូតផងដែរ ដើម្បីទុកជាឯកសារសម្រាប់មិត្តអ្នកអានទាំអ្នកធ្វើការនៅស្ថានទូត និងអ្នកមកស្ថានទូត៕ អត្ថបទដោយ៖ WIN WIN News Media