ឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA

 សង្គម
 ២២ សីហា ២០២៤
 76

កាលពីរសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យចំនួន០១រូបទៀតទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈជនសង្ស័យចំនួន០២រូបទៀតបានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ 

គួរបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង ០៣រូបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ រហូតឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ០៣រូប បានសារភាពថា ខ្លួនពិតជាបានបង្កើតក្រុមបំផុលបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំងគម្រោង CLV-DTA និងព្យាយាមវាយប្រហារមកលើគេហទំព័ររបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន ហើយបច្ចុប្បន្នសំណុំរឿង និងជនសង្ស័យទាំង ០៣រូបនេះ ត្រូវបានប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។

អត្ថបទដោយ៖ WIN WIN News Media