ការចូលរួមចំណែករបស់វិស័យធានារ៉ាប់រងនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់

 សង្គម
 20 ម៉ោងមុន
 27
ភ្នំពេញ ៖ នៅប៉ុន្មានឆ្នាំនេះវិស័យធានារ៉ាប់រងមានការរីកចម្រើន ប៉ុន្តែការចូលរួមចំណែករបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ ពោលគឺបានត្រឹមតែប្រមាណ ១,១១% ប៉ុណ្ណោះក្នុងឆ្នាំ ២០២៥។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ ការចូលរួមចំណែកនេះនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកពីបញ្ហាប្រឈមចម្បងៗចំនួនពីរ ដែលធ្វើឲ្យទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ។ លោកលើកឡើងកត្តាទីមួយគឺការខ្វះការយល់ដឹង ដែលប្រជាពលរដ្ឋនៅមិនទាន់បានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង។ កត្តាមួយទៀតគឺកង្វះទំនុកចិត្តទៅលើគុណភាពនៃការផ្តល់សេវាកម្មពីក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង។ ដើម្បីអភិវឌ្ឍន៍វិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ក្នុងគោលដៅបង្កើនការជឿជាក់ដល់ប្រជាពលរដ្ឋ លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានឈានទៅចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុប្រទេសអូស្ត្រាលី និងនូវែលសេឡង់ (ANZIIF) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាឲ្យរីកចម្រើន។ លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា គោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នានេះ ដើម្បីផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ រួមទាំងការសហការគ្នាបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់វិជ្ជាជីវៈវិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ដើម្បីឈានដល់កម្រិតស្តង់ដាទទួលស្គាល់ជាសកល។ លោក ប៊ូ ច័ន្ទភីរូ មើលឃើញថា នៅពេលដែលគុណភាពសេវាកម្មក្នុងវិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ត្រូវបានពង្រឹងដល់កម្រិតស្តង់ដារអន្តរជាតិនោះ ប្រជាពលរដ្ឋនឹងមានទំនុកចិត្តកាន់តែខ្លាំង ហើយងាកមកប្រើប្រាស់សេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ដែលជាកត្តាជំរុញដ៏សំខាន់ធ្វើឱ្យវិស័យនេះអាចរីកចម្រើនបានកាន់តែលឿន។ គិតត្រឹមឆ្នាំ ២០២៥ ចំនួនក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៩ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៨ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១៣ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៧ ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១ ក្រុមហ៊ុន។ របាយការណ៍ពីនិយ័តករធានារ៉ាប់រងកម្ពុជាបានបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជាបានរីកធំធាត់រហូតដល់ប្រមាណ ៣៦៧ លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបមានចំនួនច្រើនជាង ១.២ ពាន់លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ WIN WIN News Media