កម្ពុជាទាមទារឱ្យសកលលោកដោះស្រាយជម្លោះតាមផ្លូវការទូត នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN
Screenshot[/caption]
នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដាច់ខាតត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ជំហរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីទប់ទល់នឹងនិន្នាការឯកភាគីនិយម និងការប្រើប្រាស់កម្លាំងបាយ។
ឆ្លងកាត់បទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់ខ្លួនក្នុងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកឧត្តម ប្រាក់ សុខុន បានគូសរំលេចថា គ្រប់ជម្លោះទាំងអស់ត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនាប្រកបដោយបរិយាបន្ន កិច្ចការទូតយ៉ាងសកម្ម និងការគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់។
បទពិសោធន៍ជាក់ស្តែងទាំងនេះ បានធ្វើឱ្យកម្ពុជាក្លាយជាសំឡេងដ៏មានទម្ងន់មួយ ក្នុងការតស៊ូមតិឱ្យមានការចរចាដោយសន្តិវិធីជាជាងការជ្រើសរើសផ្លូវសង្គ្រាម។
មុននឹងបញ្ចប់សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានតំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហគមន៍អន្តរជាតិ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងនាពេលកន្លងមក ក្នុងការសម្របសម្រួលឱ្យមានការឈប់បាញ់ និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។
ជោគជ័យនៃករណីនេះ គឺជាសក្ខីកម្មដ៏រស់រវើកមួយដែលស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃការប្រើប្រាស់យន្តការពហុភាគីនិយម និងជាគំរូដ៏ល្អសម្រាប់ដោះស្រាយជម្លោះភូមិភាគដទៃទៀតនៅលើពិភពលោក។
ការចូលរួមរបស់ប្រមុខការទូតកម្ពុជានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ UN នាពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់។ អត្ថបទដោយ៖ WIN WIN News Media