លោក វ៉ាង វិនប៊ីន៖ ពលរដ្ឋចិន អាចបរិភោគកសិផលស្រស់ៗពីកម្ពុជា កាន់តែលឿនជាងមុន តាមរយៈផ្លូវដឹកជញ្ជូនឆ្លងកាត់ថ្មី
លោកថា ខ្សែផ្លូវដឹកជញ្ជូនថ្មីនេះ ដើរតួជាកាតាលីករសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនភស្តុភារកម្ម។ កត្តានេះជួយបង្កើនឧត្តមភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងបើកឱកាសមាសឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន អាចបញ្ជាទិញនិងបរិភោគកសិផលស្រស់ៗប្រកបដោយគុណភាពខ្ពស់ពីកម្ពុជា រួមមាន ធុរេន ចេក ស្វាយ អង្ករ មៀនប៉ៃលិន និងម្សៅដំឡូងមី។
ការបើកច្រកពាណិជ្ជកម្មថ្មីនេះ ដែលរួមមានទាំងពិធីបើកការនាំចេញធុរេនឆ្លងកាត់តាមក្រុមហ៊ុន វីរៈ ប៊ុនថាំ ផងដែរ មិនត្រឹមតែជួយពង្រីកទំហំនាំចេញកសិផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការដំឡើងកម្រិតខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចិន ឱ្យកាន់តែមានភាពស៊ីជម្រៅថែមទៀតផងដែរ៕ អត្ថបទដោយ៖ WIN WIN News Media