សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួនស្ត្រីវ័យក្មេងអាយុ ២៥ ឆ្នាំ ពាក់ព័ន្ធបទល្មើសជេរប្រមាថប្រជាពលរដ្ឋធ្ងន់ធ្ងរ
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ លើស្ត្រីវ័យក្មេងម្នាក់ អាយុ ២៥ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសជេរប្រមាថប្រជាពលរដ្ឋខេត្តពោធិ៍សាត់ធ្ងន់ធ្ងរ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។
ជនសង្ស័យមានឈ្មោះ ភី យ៉ាងរី អាយុ ២៥ ឆ្នាំ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អាយ៉ា ទឹកត្នោតជូរ» រស់នៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានព័ត៌មាន និងការតវ៉ាពីប្រជាពលរដ្ឋ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការបន្តចាត់ការតាមច្បាប់។
សកម្មភាពនេះបង្ហាញឱ្យឃើញថា ការប្រើប្រាស់បណ្ដាញសង្គមដោយខុសច្បាប់ ជាពិសេសការជេរប្រមាថ និងបង្កការរើសអើងដល់ប្រជាពលរដ្ឋ មិនអាចគេចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ឡើយ។
ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បុគ្គលណាប្រព្រឹត្តខុស ត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់។ សមត្ថកិច្ចនឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូប។
#readnewstv អត្ថបទដោយ៖ WIN WIN News Media