ជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រ កម្ពុជា-ចិន អំឡុងវេទិកាប៉េកាំង សៀងសាន
នៅក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ក្រោមប្រធានបទ "ជម្លោះក្នុងតំបន់ ៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ"។
នៅក្រៅក្របខ័ណ្ឌវេទិកា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តពង្រឹងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី នឹងធ្វើការពិភាក្សាទ្វេភាគីជាមួយសមភាគីមកពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋសិង្ហបុរី ព្រមទាំងតំណាងនៃបណ្ដាប្រទេសនានាដែលចូលរួម និងដៃគូសន្ទនា។ កិច្ចប្រជុំទាំងនេះនឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរទស្សនៈលើវិវឌ្ឍន៍នៃសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងតំបន់ផ្សេងៗទៀត។
ជុំវិញបេសកកម្មអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅប្រទេសចិន របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ត្រូវបាន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វាយតម្លៃខ្ពស់ថា «ការដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១៣ គឺជាឱកាសសំខាន់មួយសម្រាប់កម្ពុជាបន្តពង្រឹងការទូតការពារជាតិ និងការសន្ទនាសន្តិសុខជាមួយចិន និងបណ្តាប្រទេសដៃគូ។
ក្នុងបរិបទដែលបញ្ហាសន្តិសុខក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ ការចូលរួមរបស់កម្ពុជានៅវេទិកាអន្តរជាតិបែបនេះ អាចជួយបង្កើនការផ្លាស់ប្តូរយោបល់ ការកសាងទំនុកចិត្ត និងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺកម្ពុជានិងចិនបានបង្កើត យន្តការ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ហើយបានបើកកិច្ចប្រជុំលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ យន្តការនេះមានសារៈសំខាន់ក្នុងការភ្ជាប់ការទូត និងការពារជាតិឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធ ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ និងសន្តិសុខរវាងប្រទេសទាំងពីរ ដោយវេទិកាប៉េកាំង សៀងសាន បន្តក្លាយជាវេទិកាបន្ថែមសម្រាប់កម្ពុជាចែករំលែកទស្សនៈ និងបន្តបំផុសកិច្ចសហប្រតិបត្តិការដែលមានស្រាប់។
ជារួម ការចូលរួមរបស់កម្ពុជាលើកនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងការពារជាតិដ៏ជិតស្និទ្ធជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងការជំរុញ សន្តិភាព ស្ថិរភាព ទំនុកចិត្ត និងសន្តិសុខរួម តាមរយៈការសន្ទនា និងពហុភាគីនិយម ហេីយអាចសង្ខេបបានថា វេទិកាប៉េកាំង សៀងសាន គឺជាការបោះជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រកម្ពុជា-ចិន»៕ អត្ថបទដោយ៖ WIN WIN News Media