សមត្ថកិច្ចចាប់ខ្លួន លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីរំលោភទំនុកចិត្តដែលមានទឹកប្រាក់ជិត ៤លានដុល្លារ២៧-សីហា-២០២៤
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ (ផ្កាយ៣) ពាក់ព័ន្ធការឆបោក និងក្លែងបន្លំប្រើប្រាស់ឯកសារសារធារណៈ ដែលមានទឹកប្រាក់ ៣លាន ៦៤ម៉ឺនដុល្លារ បន្ទាប់ពីជនរង្រោះដាក់ពាក្យបណ្តឹង។

យោងតាមការបញ្ជាក់ពី លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដែលជាប់ពាក់ព័ន្ធនឹងការឆបោក និងក្លែងបន្លំប្រើប្រាស់ឯកសារសារធារណៈ ដែលមានទឹកប្រាក់ ៣លាន ៦៤ម៉ឺនដុល្លារ ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ និងដោយអនុតវត្តទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យសមត្ដកិច្ចកំពុងរៀបចំឯកសារបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា
អត្ថបទដោយ៖ WIN WIN News Media