ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ
នារសៀលថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍ » ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការ អញ្ជើញចូលរួមពីអ្នកសារព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់។



ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន រួមជាមួយសមាគមសារព័ត៌មាននានាតែងតែបានធ្វើការបើកវគ្គបណ្តុះបណ្តាលជាច្រើនរួចមកហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងអ្នកពាក់ពន្ធ័ ប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្នុងនោះគុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបណ្តុះបណ្តាលក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានក្នុងការសរសេរព័ត៌មានឲ្យបានកាន់តែល្អ ទាក់ទាញ និងស្របតាម វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ៕




អត្ថបទដោយ៖ WIN WIN News Media