លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

 សង្គម
 7 ថ្ងៃមុន
 87

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ កងកម្លាំងទាំងបី និងគ្រួសារ ស ស យ ក ខេត្តសរុបប្រមាណជា ៤៣០នាក់។

ប្រកាសទទួលស្គាល់ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ និងធ្វើការប្តេជ្ញាចិត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា៖ រដ្ឋបាល​ខេត្តកំពង៉ស្ពឺ បាន​ផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះ ការអនុវត្តការងារ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គ្រប់​លំដាប់​ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។​ ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ស្ពឺ ​ក៏មានការប្តេជ្ញាចិត្តខ្ពស់​ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា​ ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការអនុវត្តន៍ការងាររបស់ខ្លួន ដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ នានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងសង្គម ក្នុងនោះយុវជន ដែលជាធនធានមនុស្សប្រកបដោយចំណេះជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេន ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ក្នុងបរិយាកាសប្រកបដោយសេចក្តីសោមនស្សរីករាយ លោកជំទាវបណ្ឌិត ដាំ ដារីនី បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​ ឯកឧត្តម ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហេីយ​ក៏​​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ឱ្យខិតខំ​ពង្រឹង​ ​និង​និងពង្រីករចនាសម្ព័ន្ធរបស់ខ្លួន​​ ឱ្យមាន​ការ​​រីកចម្រើន​ ដេីម្បី​បំពេញ​បេសកកម្ម​ បម្រើដល់សង្គមជាតិ ។

សូមគូសបញ្ជាក់ថា ថ្ងៃបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណង ប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងចូលរួមលើកកម្ពស់ការអប់រំ ថែរទាំ និងសុខភាពរបស់កុមារ កម្ពុជា ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ៕

អត្ថបទដោយ៖ WIN WIN News Media