សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបណ្តាក្រសួងស្ថាប័ន អភិបាលរាជធានីខេត្តនិងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះទឹកជំនន់ ឱ្យបានទាន់

 សង្គម
 20 ម៉ោងមុន
 103

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់បណ្តាក្រសួងស្ថាប័ន អភិបាលរាជធានីខេត្តនិងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះទឹកជំនន់ ឱ្យបានទាន់ពេលវេលា។

តាមសារសំឡេងពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យឯកឧត្តម លោកជំទាវអភិបាលរាជធានី-ខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយនិងសម្ភារៈដើម្បីធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងការចាំបាច់។ ចំណែក ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបន្តតាមដាននិងត្រូវកំណត់ឱ្យបានរួចជាស្រេចនូវទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមនូវស្បៀងនិងសម្ភារៈបរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងករណីដែលមានការស្នើសុំពីរាជធានីខេត្ត។ ចំណែកឯ ក្រសួងកសិកម្ម ត្រូវត្រៀមស្រូវពូជនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាត ដល់ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្តារឡើងវិញឱ្យបានទាន់ពេលវេលា។

អត្ថបទដោយ៖ WIN WIN News Media