ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករដែលត្រូវចេញចូល តាមព្រំដែន
ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានលេីកឡេីងបែបនេះថា នទោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្ដដោះស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបាននូវស្មារតីមុតស្រួច តាមទិសដៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្ហាញពីការទទួលខុសត្រូវចំពោះពលករ ជួយសម្រួលឲ្យពលករទៅបម្រើការងារដោយស្របច្បាប់។




ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំឲ្យគ្រប់តួអង្គភាពពាក់ព័ន្ធ ត្រូវឯកភាពគ្នាពង្រឹងសេវាតាមព្រំដែន ដើម្បីឲ្យពលករ និងពលរដ្ឋចេញចូលតាមព្រំដែន កាត់បន្ថយការកោសរួសក្រៅផ្លូវការ និងការប្រឈមនានា។ លើសពីនេះ លើកទឹកចិត្ត និងជំរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដែលក្នុងនោះ អភិបាលខេត្ត និងកម្លាំងជំនាញសមត្ថកិច្ចទ្វេភាគីទាំងនគរបាល អន្ដោប្រវេសន៍ ទាហាន និងគយជាដើមត្រូវជួបប្រជុំទៀងទាត់ បើមានសំណូមត្រូវដោះស្រាយជាក់ស្ដែង ជាមួយភាគីថៃ។


បន្ថែមពីនេះ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន បានក្រើនរម្លឹកដល់លេខាធិការដ្ឋាន ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ពង្រឹងទំនាក់ទំនង និងធានាដល់ការបូកសរុបរបាយការណ៍ឆ្លើយតប និងលើកទឹកចិត្តក្រុមការងារជំនាញ២ក្រុម ត្រូវបន្ដចុះតាមបណ្ដាព្រំដែន ដោយជួបផ្ទាល់ជាមួយសមត្ថកិច្ច ពលករ ភាគីថៃ និងអាជ្ញាធរខេត្ត ព្រមទាំងសង្កត់ធ្ងន់ថា «យើងរួមគ្នា ជួយពលករចេញចូលតាមព្រំដែន កាត់បន្ថយភាពស្មុគស្មាញ»។


ជាចុងក្រោយ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន ឆ្លើយតបតាម សំណូមពររបស់រាជរដ្ឋាភិបាល និងទទួលបាននូវការសាទរពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលមានតម្រូវការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ធ្វេីយ៉ាងណាឱ្យបានលឿននឹងឆាប់ហ័ស៕




អត្ថបទដោយ៖ WIN WIN News Media