បេក្ខជនប្រឡងបាក់ឌុប៖ បើទោះបីជាដឹងច្បាស់ថា ការប្រឡងពឹងលើចំណេះទើបជាប់ ប៉ុន្តែជំនឿលើការបន់ស្រន់នៅតែមាន

 សង្គម
 ០៧ តុលា ២០២៤
 81

បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫហៅថា បាក់ឌុប ជាច្រើននាក់ បាននាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំឱ្យប្រឡងជាប់ ពីបារមីព្រះអង្គចេក-ព្រះអង្គចម និងលោកយាយទេព ក៏ដូចជាបារមីព្រលឹងបុព្វបុរសខ្មែរ ថែរក្សាប្រាសាទអង្គរ ដើម្បីឱ្យពួកគាត់ទទួលបានលទ្ធផលល្អ និងរួចពីការភ័យខ្លាចក្នុងការប្រឡង ដែលប្រព្រឹតទៅនៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៤ ចាប់ពីស្អែកនេះ។

យើងសង្កេតឃើញថា ចាប់តាំងពីព្រឹករហូត ដល់រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ មានយុវជន យុវនារីជាច្រើន ដែលពួកគាត់គឺជាបេក្ខជនប្រលងបាក់ឌុបនៅឆ្នាំ២០២៤នេះ បាននាំគ្នាទៅបួងសួងព្រះអង្គចេក ព្រះអង្គចម ស្ថិតនៅក្បែព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានទាំងធូបទៀន ផ្កាផ្ញី ហើយនាំគ្នាអុចធូប ថ្វាយផ្កាដល់ព្រះបារមីព្រះអង្គ ដើម្បីប្រាថ្នាសុំប្រឡងជាប់ បើទោះបីជាបាននិទ្ទេសអ្វីក៏ដោយ។

យុវជនទាំងនេះបានលើកឡើងស្រដៀងគ្នាថា ការប្រឡងគឺពឹងលើចំណេះទើបជាប់ ហើយអ្វីដែលពួកគេមកបួងសួងនៅព្រះអង្គចេក-ព្រះអង្គចម និងបារមីថែរក្សាប្រាសាទអង្គរគឺដើម្បីប្រាថ្នាសុំឱ្យប្រឡងជាប់ សុំឱ្យមានចិត្តរឹងមាំ មិនមានការភ័យខ្លាចពេលប្រឡង ជាពិសេសប្រាថ្នាសុំកុំឱ្យមានជំងឺបៀតបៀនពេលប្រឡង គឺប្រកបដោយសុវត្ថិភាពល្អ។ ពួកគាត់ជឿជាក់ថា ព្រលឹងបុព្វបុរសខ្មែរនៅទឹកដីអង្គរ ជាពិសេសព្រះអង្គចេក ព្រះអង្គចម ដែលមានបារមីសក្ដិសិទ្ធិ ជួយតាមថែរក្សាពួកគាត់ឱ្យទទួលបានក្ដីប្រាថ្នាដូចបំណង។ ពួកគាត់បន្ដថា ជំនឿនេះ មិនមែនទាំងស្រុងនោះទេ ប៉ុន្ដែប្រពៃណីបន់ស្រន់នេះ មានតាំងពីដូនតាមកម្ល៉េះ ហើយមានមនុស្សគ្រប់ៗគ្នា បានអនុវត្ដជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ន មិនថាតែធ្វើឡើងក្នុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។ 

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប បានបង្ហាញថា ខេត្ដសៀមរាប មានបេក្ខជនប្រលង ១០ ៧៣៦នាក់ និងមានមណ្ឌលប្រលងចំនួន ១៦មណ្ឌល ស្មើរនឹង ៤៣៣បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន ១១មណ្ឌល។

https://t.me/TheAKP

អត្ថបទដោយ៖ WIN WIN News Media