គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា នៅរដ្ឋធានីវៀងចន្ទន៍

 សង្គម
 ២០ តុលា ២០២៤
 100

គណៈប្រតិភូសភាកម្ពុជា បានចូលអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី អាយប៉ា (WAIPA) នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃដំណើរការមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់អាយប៉ា ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា តំណាងសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានអញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំ។

កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរមាន សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការជំរុញការឆ្លើយតបរបស់សភាទៅនឹងយេនឌ័រសម្រាប់ភាពធន់ ការតភ្ជាប់ និងបរិយាបន្នរបស់សហគមន៍អាស៊ាន និង សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកកម្ពស់ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្នុងតំបន់អាស៊ាន ដែលស្នើឡើងដោយសភាប្រទេសវៀតណាម៕

អត្ថបទដោយ៖ WIN WIN News Media