នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម៖ តំបន់ដែលត្រូវសាងសង់ផ្លូវក្រវាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងមណ្ឌលគិរី ជាតំបន់ដែលប្រឈមខ្លាំងនឹងជំងឺគ្រុនចាញ់
នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ថា តំបន់ដែលត្រូវសាងសង់ផ្លូវក្រវាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងមណ្ឌលគិរី ជាតំបន់ដែលប្រឈមខ្លាំងនឹងជំងឺគ្រុនចាញ់ ដែលមេរោគគ្រុនចាញ់នៅតំបន់នោះទាមទារ ឱ្យមានអ្នកជំនាញ និងថ្នាំពិសេសសម្រាប់ព្យាបាល។ ក្រៅពីប្រឈមនឹងជំងឺ កងវិស្វកម្មដែលត្រូវទៅកាន់តំបន់នោះ ក៏ត្រូវប្រឈមនឹងសត្វសាហាវជាច្រើនប្រភេទ ហើយថែមទាំងប្រឈមនឹងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផងដែរ។



ក្នុងសន្និសីទនេះដដែល នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបន្ថែមថា ដើម្បីសាងសង់ផ្លូវក្រវាត់ព្រំដែន ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងមណ្ឌលគិរី ជាជំហានដំបូងត្រូវដោះយកយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញជាមុនសិន។ នៅក្នុងការដោះយកយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ កម្លាំងជំនាញត្រូវឈរទប់ខ្លួននឹងទីតាំងចំណោទផង និងកាន់ឧបករណ៍រាវរកសំណល់គ្រឿងផ្ទុះដែលមានទម្ងន់ធ្ងន់ផង។




អត្ថបទដោយ៖ WIN WIN News Media