ឯកឧត្តម ប៉ែន កុសល្យ​ និងអ្នក​ឧកញ៉ា​ សំអាង​ វឌ្ឍនៈ​ បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ប្រគុំតន្ត្រីខ្នាតយក្ស និងបាញ់កាំជ្រួច ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ

 សង្គម
 ១០ វិច្ឆិកា ២០២៤
 95

ត្បូងឃ្មុំ៖​ ព្រឹត្តិការណ៍ប្រណាំងទូក(ង) ប្រគុំតន្ត្រីខ្នាតយក្ស ស្តង់តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅអាងទឹកតាវ៉ាន់(ទន្លេសិប្បនិម្មិត) នៅទីរួមខេត្ត ដែលមាន ឯកឧត្តម ប៉ែន កុសល្យ  អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ និង​អ្នកឧកញ៉ា​ សំអាង​ វឌ្ឍនៈ​ អគ្គនាយក​ក្រុមហ៊ុន​  វឌ្ឍនៈ​ ប្រ៊ូវេីរី​ ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត បានរៀបចំឡើងរយៈពេលពេញ១ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ឆ្នាំ២០២៤នេះ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយជាអណេក និងទទួលបានការសារទរពីព្រះសង្ឃ​ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ព្រឹត្តិការណ៍ដ៏សប្បាយកងរំពងយ៉ាងអធិកអធមនេះ ធ្វើឡើងដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ ក្នុងនោះប្រព្រឹត្តិទៅដោយមានពិធីក្រុងពាលី ពិធីបើកការប្រកួត និងប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពឯកឧត្តម  ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ  អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ឧត្តមភរិយា។

ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ឯកឧត្តម អភិបាលខេត្ត បានរៀបចំកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណចម្រុះនៅតាមផ្លូវសាធារណៈ ទីធ្លាកំសាន្តបន្ថែមទៀតផងដែរ ។

សូមជម្រាបថា ជាលទ្ឋផលការប្រកួតប្រណាំងទូកងខ្នាតអន្តរជាតិ៖

-ចំណាត់ថ្នាក់លេខ១ បានទៅលើកទូកងឈ្មោះ ក្រុមប្រឹក្សាខេត្ត អន្លង់ជ្រៃបារមីដម្កល់រាជ  ជាទូកងរបស់ក្រុមប្រឹក្សាខេត្ត ទទួលបានពានធំ១ ទង់ជ័យលាភី១ ថវិកាចំនួន៤លានរៀល និងភេសជ្ជៈ

-ចំណាត់ថ្នាក់លេខ២ ទូកងឈ្មោះ ស្នងការត្បូងឃ្មុំសែនជ័យ ជាទូកងរបស់ស្នកការនគរបាលខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន៣,៥លានរៀល និងភេសជ្ជៈ

-ចំណាត់ថ្នាក់លេខ៣ ទូកងឈ្មោះ តេជោសែនជ័យបារមីត្បូងឃ្មុំ ជាទូកងរបស់មន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី និងមន្ទីរទេសចរណ៍ខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន៣លានរៀល និងភេសជ្ជៈ

-និងចំណាត់ថ្នាក់លេខ៤ ទូកងឈ្មោះ តំបែរធិបតីបារមីតេជោ ជាទូកងរបស់រដ្ឋបាលស្រុកតំបែរ ទទួលបានទង់ជ័យលាភី១ ថវិកាចំនួន២លានរៀល និងភេសជ្ជៈ

ដោយឡែក ទូកងចំនួន២៧ទូក ដែលមិនបានជាប់ចំណាត់ថ្នាក់ ទទួលបានថវិការ១លានរៀល និងភេសជ្ជៈមួយចំនួនផងដែរ៕

អត្ថបទដោយ៖ WIN WIN News Media