សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍តា ជេម សុខ មកលេងស្រុកខ្មែរ ហើយខ្ញុំជូនទៅមើលគ្រប់កន្លែងទាំងអស់
ខេត្តកែប៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ខ្ញុំស្វាគមន៍តា ជេម សុខ មកលេងស្រុកខ្មែរ ហើយខ្ញុំជូនទៅមើលគ្រប់កន្លែងទាំងអស់ ហើយជូនទៅជួបរដ្ឋ មន្ត្រី និងមន្ត្រីជំនាញរបស់យើងគ្រប់ស្ថាប័នដែលតាថា មិនបានធ្វើអ្វីនៅក្នុងរយៈពេល ១៥ខែមកនេះ។ មានសំណួរអ្វីត្រូវសួរចុះ? ប៉ុន្តែសុំមកជាក់ស្ដែងព្រោះរាជរដ្ឋាភិបាលមិនមានអ្វីដែលលាក់លៀមនោះទេ។ ពួកយើងមិនអាចថាយើងធ្វើបានទាំងអស់ក្នុងរយៈពេល ១៥ខែនោះទេ ការអភិវឌ្ឍប្រទេសជាតិគឺត្រូវការពេលវេលា”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្ថែមថា “តែបាត់បង់សន្តិភាព គឺរងគ្រោះទាំងអស់ ខូចខាតទាំងអស់គ្នា រលាយទាំងអស់គ្នា! ដូច្នេះសន្តិភាពគឺមានសារៈសំខាន់ណាស់ ហើយត្រូវការពារឱ្យបានជាដាច់ខាត ដើម្បីយើងរស់ក្នុងសន្តិភាពទាំងអស់គ្នា”។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា “ការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជាជាបន្តបន្ទាប់មកនេះ គឺកើតចេញពីកត្តាចម្បងទី១ គឺសុខសន្តិភាព និងស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីយើងសុបិន្តល្អទាំងអស់គ្នា”។
អត្ថបទដោយ៖ WIN WIN News Media