បញ្ជូនជនសង្ស័យ ០១រូប ទៅសាលាដំបូងរាជធានីភ្នំពេញពីបទ “សមគំនិតនៃអំពើឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ និងក្លែងបន្លំគណនីថ្នាក់ដឹកនាំ”
សំណុំរឿងខាងលើត្រូវបានបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយអនុវត្តបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ លើករណីក្លែងបន្លំគណនីបណ្តាញទំនាក់ទំនងសង្គមថ្នាក់ដឹកនាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមួយរូបមកកាន់នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ជនសង្ស័យខាងលើមាន ឈ្មោះ ជ.វ.ប ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មន្ត្រីឥណទាននៃគ្រឹះស្ថានធនាគារឯកជនមួយ បានសារភាពនៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ថា ខ្លួនពិតជាបានប្រើប្រាស់គណនីធនាគាររបស់ខ្លួនចំនួន០៤គណនី ដើម្បីធ្វើជាមធ្យោបាយទទួលប្រាក់ពីគណនីធនាគារគ្មានប្រភពជាច្រើន និងបានផ្ទេរប្រាក់ទៅគណនីធនាគារដែលមិនស្គាល់អត្តសញ្ញាណជាច្រើនតាមការណែនាំរបស់ជនអានាមិក ជាថ្នូរនឹងកម្រៃសេវាប្រចាំសប្តាហ៍។
ក្នុងន័យនេះដែរ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹក ដល់សាធារណជនទាំងអស់ ជៀសវាងការលក់-ជួលគណនីធនាគារ ឬចូលរួមប្រតិបត្តិការទទួល-ផ្ទេរប្រាក់ ពីប្រភពមិនច្បាស់លាស់ ឬប្រាក់ដែលទទួលផលពីបទល្មើស ពីព្រោះបុគ្គលដែលចូលរួមប្រព្រឹត្តអំពើទាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អត្ថបទដោយ៖ WIN WIN News Media