សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា នៃរដ្ឋកាតា ប្រកបដោយសុវត្ថិភាព

 សង្គម
 ០៩ ធ្នូ ២០២៤
 103

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤​ វេលាម៉ោង​ ១៦.០០រសៀល ម៉ោងនៅទីក្រុងដូហា រដ្ឋកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ទីក្រុងដូហា រដ្ឋកាតា ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋកាតា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប៕

អត្ថបទដោយ៖ WIN WIN News Media