ឧកញ៉ា ព្រាប សុវត្ថិ ស្ម័គ្រចិត្តលាលែងចេញពីក្របខ័ណ្ឌនាយទាហាន ដោយសុំរក្សាទុកគោរមងារជា «ឧកញ៉ា»

 សង្គម
 ១២ ធ្នូ ២០២៤
 119
រាជធានីភ្នំពេញ ៖ ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងផលិតកម្ម Galaxy Navatra បានស្ម័គ្រចិត្តលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមអនុក្រឹត្យលេខ ១១៥៦ អនក្រ.តត ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ លោកឧកញ៉ា ព្រាប សុវត្ថិ បច្ចុប្បន្នមានឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) និងមានតួនាទីជា នាយរងការិយាល័យទី៥ កងទ័ពជើងគោក។ ការស្ម័គ្រចិត្តលាលែងចេញពីក្របខ័ណ្ឌរដ្ឋនេះ ក៏ដោយសារលោកឧកញ៉ា កំពុងមមាញឹកខ្លាំងលើការងារមុខជំនួញផ្ទាល់ខ្លួន ព្រមទាំងការចេញទៅច្រៀងក្នុងព្រឹត្តិការណ៍ធំៗនៅតាមបណ្តាខេត្តនានា។ គួរបញ្ជាក់ថា តាមព្រះរាជក្រឹត្យថ្មីស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ត្រង់មាត្រា១០ បានចែងថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមុខងារជាមន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ។ នេះមានន័យថា បុគ្គលម្នាក់មិនអាចមានគោរមងារឧកញ៉ាផង និងបំពេញការងារជាមន្ត្រីរាជការ នគរបាលជាតិ ឬយោធិន ផងនោះទេ ពោលគឺតម្រូវឱ្យជ្រើសរើសយកតែមួយប៉ុណ្ណោះ រវាងក្របខ័ណ្ឌរដ្ឋ និងគោរមងារឧកញ៉ា៕ ប្រភព៖ ឧកញ៉ា News Feed

អត្ថបទដោយ៖ WIN WIN News Media