អ្នកគ្រូ កឹម ច័ន្ទលក្ខិណា ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤ ផ្នែកគ្រូបង្រៀនភាសា
សម្រាប់ឆ្នាំ២០២៤នេះ ពានរង្វាន់ SEKAR ត្រូវបានផ្តល់ជូនក្នុងគោលបំណងទទួលស្គាល់ និងគាំទ្រដល់គ្រូបង្រៀនភាសា និងបុគ្គលិកអប់រំឆ្នើម ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មក្នុងការលើកកម្ពស់អក្ខរកម្ម។ ជ័យលាភីក្នុងការប្រកួតប្រជែងនេះនឹងរួមចំណែកក្នុងការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនភាសា និងការកែលម្អគុណភាពអក្ខរកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សូមបញ្ជាក់ផងដែរថា ការបង្កើតពានរង្វាន់ SEKAR រៀបចំឡើងក្រោមគោលបំណងលើកទឹកចិត្តគ្រូបង្រៀនភាសាឱ្យបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងសហគមន៍អប់រំ និងបំផុសគំនិតនវានុវត្តន៍ប្រកបដោយនិរន្តរភាពក្នុងការបង្រៀនភាសានាពេលអនាគត។ កម្មវិធីប្រកួតប្រជែងនេះមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអង្គការរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) ទាំង ១១ប្រទេស។
អត្ថបទដោយ៖ WIN WIN News Media