ឯកឧត្តម នេត្រ ភក្ត្រា អរគុណប្រជាពលរដ្ឋដែលជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ហើយនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រយៈពេល២៦ឆ្នាំនៃសន្តិភាពពេញ គឺបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ សន្តិភាព គឺជាឱសថទិព្វ សម្រាប់មនុស្សគ្រប់រូប សូមប្រជាពលរដ្ឋទាំងអស់រួមគ្នារក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ការថ្លែងអំណរគុណបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារបានអរគុណដល់សន្តិភាព ហើយសន្តិភាពនេះធ្វើឱ្យមានថ្ងៃនេះនឹងបង្កើតក្តីសង្ឃឹមក្នុងជីវភាពបន្តទៅមុខ រួមទាំងឱកាសក្នុងការចូលរួមចែករំលែកជួយគ្នាដូចពេលនេះ ហើយក៏ជាសន្តិភាពសម្រាប់កូនចៅ ដែលកំពុងមានជីវិតរស់នៅ ក្នុងការរីករាយទទួលផលពីផ្លែផ្កានៃសន្តិភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា៖ «ការកសាងសមិទ្ធផលផ្សេងៗនេះ គឺជាការឆ្លើយតបដែលប្រជាពលរដ្ឋបានទម្លាក់សន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងតម្រូវការ ដូច្នេះខ្ញុំសូមអរគុណពូ មីង ដែលបានគាំទ្រ ហើយយើងខ្ញុំមានតែម្រាមដៃ១០ អរគុណប្រជាពលរដ្ឋដែលជឿលើគណបក្សប្រជាជនកម្ពុជា»។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់៤ខ្សែ បានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ មានផ្លូវ មានស្ពាន មានសង្ឃឹម និងពោរពេញដោយការអភិវឌ្ឍ ត្រឹមខែមករា ឆ្នាំ២០២៥នេះ, ស្ពានឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង ១,៧៦១ម៉ែត្រ ត្រូវបានកសាងសម្រេចបាន ៧៩,២២% ហើយគ្រោងនឹងដាក់ឱ្យឆ្លងបណ្តោះអាសន្ននាចុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះការដ្ឋានសាងសង់ផ្លូវ៤ កន្លែងទៀត ក្នុងក្រុងក្រចេះ និងផ្លូវទៅស្រុកសំបូរ ខេត្តក្រចេះក៏នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ សូមអរគុណសន្តិភាព, សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា, សូមគោរពអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានបន្ថែមថា សុខសន្តិភាពឱ្យជីវភាពរស់នៅល្អប្រសើរ កំពុងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេសបានជួបជុំកម្សាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ ដូចក្នុងថ្ងៃនេះផ្ទាល់ ដែលយើងទាំងអស់គ្នាកំពុងជួបជុំគ្នានៅទីនេះ រួមចិត្ត រួមគ្នាធ្វើ ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការខិតខំរបស់សម្តេចប្រធានគណបក្ស សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចៗដែលជាថ្នាក់ដឹកនាំ គឺដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណណបក្សដឹកនាំអំណាចតទៅមុខទៀត គោលដៅ ភារកិច្ច និងគោលបំណងបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព ធ្វើឱ្យជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ ជាពិសេសការខិតខំបើកឱកាសបន្ថែមទៀត ឱ្យកូនចៅជំនាន់ក្រោយៗឱ្យកាន់តែរុងរឿង។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។
ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបានបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំសណ្តាន់ ដែលអាចកើតឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
យោងតាមអំពីរបាយការណ៍សាងសង់ បានឱ្យដឹងថា ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសណ្តាន់ បានចាប់ផ្តើមសាងសង់ឡើងនៅលើផ្ទៃដី ទំហំ២៦ម៉ែត្រ គុណ៤០ម៉ែត្រ ប្រើពេលរយៈវេលាសាងសង់ចំនួន ៧ខែ គឺចាប់ផ្តើមពីខែមីនា ឆ្នាំ២០២៤ រហូតរួចរាល់ស្ថាពរ នៅខែតុលា ឆ្នាំ២០២៤។ ក្នុងនោះសមិទ្ធផលសំខាន់ៗ រួមមាន៖ អគារស្នាក់ការ (សាលប្រជុំ បន្ទប់ការងារ បន្ទប់ទឹក) ទំហំ ១៣៧ម៉ែត្រការ៉េ ក្លោងទ្វារ និងរបងជុំវិញ ប្រវែង១៣២ម៉ែត្រ ចាក់សាបផ្លូវចូល និងចាក់ដីបរិវេណអគារទំហំ ១២០ម៉ែត្រការ៉េ៕ អត្ថបទដោយ៖ WIN WIN News Media