សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅក្រសួងសាធារណការ និងដឹកជញ្ជូន

 សង្គម
 ២៣ មករា ២០២៥
 89

រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះ​រាជាណាចក្រកម្ពុជា​ បានថ្លែងថា​ សមិទ្ធផលនានានៅទូទាំងប្រទេស និយាយជារួម និងសមិទ្ធផលនៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និយាយដោយឡែក ដែលកម្ពុជាសម្រេចបាននាពេលនេះមិនមែន កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ នឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីអាណត្តិមុនៗ ។

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ គូសបញ្ជាក់ថា​ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១.ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ។

អត្ថបទដោយ៖ WIN WIN News Media