កងរាជ​អាវុធហត្ថ​ចាប់ខ្លួនជនសង្ស័យ ៥នាក់ ស្ថិតនៅក្រុងសំរោង ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

 សង្គម
 7 ថ្ងៃមុន
 78
(ខេត្ត​ឧត្តរ​មានជ័យ​)៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដើមជ្រៃ​ សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំង​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ឧត្ដរមានជ័យ​ ដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ គិម​នី​ សុគន្ធា​ មេបញ្ជាការរង កងរាជ​អាវុធហត្ថ​ខេត្ត​ឧត្ដរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាកម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុងសំរោង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ៥នាក់ ហើយក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​÷ ១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ៨កញ្ចប់(តូច) ២.ទូរស័ព្ទដៃ ចំនួន​ ៤គ្រឿង ៣.ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

អត្ថបទដោយ៖ WIN WIN News Media