ស្ត្រីជនជាតិវៀតណាម ដែលផលិតទឹកឃ្មុំក្លែងក្លាយត្រូវបានចៅក្រមស៊ើបសួរ​សម្រេចឃុំខ្លួន​បណ្ដោះ​អាសន្ន

 សង្គម
 2 ថ្ងៃមុន
 87
លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ ដែលជាម្ចាស់ក្រុមហ៊ុន CHAN HONEY ដែលផលិតទឹកឃ្មុំក្លែងក្លាយ។ យោង​តាមដីការបង្គាបឲ្យឃុំខ្លួន លេខ១៣៤០ ង១ ដឃដ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ មានឈ្មោះ ង្វៀង ធីថាញ់ធឿន (NGUYEN THI THANH THIEN) ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នាយកក្រុមហ៊ុន CHAN HONEY មានទី​កន្លែង​កំណើត​នៅ​ប្រទេស​វៀតណាម ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ពាក់​ព័ន្ធ​ករណីពីបទៈ ក្លែងបន្លំដើមកំណើតទំនិញ។ គួរបញ្ជាក់​ផងដែរកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹក​នាំ​សម្រប​សម្រួល​នីតិ​វិធី​ផ្ទាល់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​រួម​នឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ មន្រ្តីជំនាញបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹក​ឃ្មុំ​សរុប​ចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹក​ឃ្មុំ​ទាំង​អស់​អាចជាផលិតផលក្លែងបន្លំប្រភពដើម៕

អត្ថបទដោយ៖ WIN WIN News Media