សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្តមយីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ, បក្ស និងប្រជាជន។ ជាមួយគ្នានោះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និង គណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថារដ្ឋធានីប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
សម្ដេចបវរធិបតី និងឯកឧត្តម យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន៕
អត្ថបទដោយ៖ WIN WIN News Media