សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វិស័យអប់រំត្រូវឈរលើបរិមាណ និងគុណភាព។ ការពង្រឹងគុណភាព ត្រូវបន្តធ្វើ និងត្រូវឈរលើការពង្រឹងការអប់រំថ្នាក់មូលដ្ឋានជាគោល
តាមរយៈអនុសាសន៍អាទិភាពខាងលើ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិសអំពីការជ្រើសរើសនាយកសាលា គឺត្រូវប្រគល់សិទ្ធិជូនមន្ទីរអប់រំ យុវជន និងកីឡា ដែលជាអ្នកទទួលជ្រើសរើស ដោយរក្សានូវនិយាម និងស្តង់ដាគុណវឌ្ឍិច្បាស់លាស់បំផុត ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រងគ្រឹះស្ថានសិក្សាចាប់ពីមូលដ្ឋានឡើងទៅ ដែលជាគ្រឹះដ៏សំខាន់ និយាយរួម គឺចាប់ពីសាលាបឋមសិក្សាតែម្តង។ ជាមួយគ្នានេះ លោកគ្រូអ្នកគ្រូ គឺត្រូវធានាមានទាំងបរិមាណ និងគុណភាពក្នុងការអប់រំ ដោយឈរលើគុណវឌ្ឍិជាអាទិភាពខ្ពស់បំផុត។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់ឱ្យមានការកែសម្រួលរយ:ពេលក្នុងការធ្វើកិច្ចសន្យាគ្រូកិច្ចសន្យាថ្នាក់បឋម ដោយកែសម្រួលពីមួយឆ្នាំម្តង មកពីរឆ្នាំម្តង។ បន្ថែមពីនេះ សម្រាប់លោកគ្រូអ្នកគ្រូបឋមសិក្សាកិច្ចសន្យា ដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ អាចនឹងរៀបចំបញ្ចូលទៅបណ្តុះបណ្តាលវគ្គជំនាញគរុកោសល្យ ឬបច្ចេកទេស ១៨ខែ ដើម្បីអាចពិនិត្យរៀបចំបញ្ចូលក្របខណ្ឌពេញសិទ្ធិជូនតែម្តង។ មួយវិញទៀត ចំពោះលោកគ្រូអ្នកគ្រូចូលនិវត្តន៍ អាចពិនិត្យបន្តកិច្ចសន្យាដើម្បីបន្តការបង្រៀន តែត្រូវបំពេញកន្លែងដែលខ្វះ ដោយឈរលើកម្លាំងនៃសុខភាព និងឆន្ទៈនៃការចូលរួមរបស់លោកគ្រូអ្នកគ្រូផ្ទាល់។
បន្ថែមពីនេះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សា ដោយបន្ថែមម៉ោងរបស់គ្រឹះស្ថានសិក្សា ជាពិសេសថ្នាក់បឋមសិក្សា គឺផ្តោតលើគណិតវិទ្យា, សីលធម៌ និង អក្សរសាស្ត្រ
ដែលគប្បីត្រូវរៀបចំ និងជំរុញបន្ថែម ដើម្បីជាឱកាសសម្រាប់សិស្សអាចមានពេលវេលាសិក្សាបានកាន់តែច្រើនជាងមុន និងទទួលបានបំណិនជីវិតកាន់តែល្អប្រសើរ។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីអាទិភាពចំនួន ៥របស់រាជរដ្ឋាភិបាល សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
អត្ថបទដោយ៖ WIN WIN News Media