សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រសួងទេសចរណ៍
ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ២០២៥ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដូចបានគូសបញ្ជាក់នៅក្នុងបញ្ចកោណទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណក់កាលទី១ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្ថែមថា នេះភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។ ជាការកត់សម្គាល់ នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទេសចរផ្ទៃក្នុងចំនួន ២៦,៥លាននាក់ ក្នុងនោះទេសចរជាតិជាង ២២,៥លាននាក់ និងទេសចរបរទេសជិត ៤លាននាក់ កើនឡើងជាង ៥៤ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥លាននាក់ កើនឡើង ១,៤ភាគរយ ធៀបឆ្នាំ២០២៣ និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ពាន់លានដុល្លារ ។
អត្ថបទដោយ៖ WIN WIN News Media