លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញពិធីសំណេះសំណាលនិស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញដោយការរត់ប្រណាំងបច្ចេកវិទ្យា នវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព។ ការអប់រំ និងការអប់រំបណ្តុះបណ្តាល មិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ វិស័យទាំងនេះបង្កើតនូវឧត្តមប្រយោជន៍ជាច្រើន សម្រាប់ប្រទេសជាតិ។
លោកជំទាវបានបញ្ជាក់ទៀតថា៖ សមណនិស្សិត និងនិស្សិតលាភីទាំងអស់ បាន និងកំពុងធ្វើការវិនិយោគរយៈពេលវែង សម្រាប់មួយជីវិតក្នុងការសន្សំបាននូវជំនាញទន់ និងទ្រព្យធនមិនងាយនឹងបាត់បង់ ដោយចំណេះជំនាញទាំងនេះ នឹងត្រូវរួមចំណែកនៅក្នុងទីផ្សារការងារ ទាំងក្នុងប្រទេស និងសកលលោក បង្កើតឱកាសឲ្យនិស្សិត ក្នុងការចាប់យកអាជីព ដែលស័ក្តិសម ឬក៏អាចមានសំណាងក្លាយជាសហគ្រិនដ៏ល្បីមួយរូប ឬក៏ជាអ្នកបន្តវេនសម្រាប់ការងារាជការ ទៅថ្ងៃអនាគតក៏ថាបាន។
ជាចុងក្រោយ លោកជំទាវបណ្ឌិត បានផ្តល់អនុសាន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញាតិនានារបស់សាកលវិទ្យាល័យ ព្រមទាំងមានការ
ការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយសមាគមសិស្សនិស្សិតអាហារូបករណ៍ អ.ម.ត មានដូចជា ការចូលរួមសិក្ខាសាលា, ទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលខ្លីៗ, សកម្មភាពសង្គម និងសកម្មភាពស្ម័គ្រចិត្តជាច្រើនទៀត៕
អត្ថបទដោយ៖ WIN WIN News Media