លោក ពុយ គា ដឹកនាំអ្នកសារព័ត៌មានជាង៦៩នាក់ ដែលមកពីស្ថាប័នផ្សេងៗគ្នា៥១ស្ថាប័ន និងមានការគាំទ្រដោយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា”
ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម បានបន្តការសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយ ទឹក និងធានាដល់សន្តិសុខទឹក ដោយធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចបានដល់ការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារគ្រប់គ្រង និងដឹកនាំវិស័យធនធានទឹក និងឧតុនិយម ដែលមានតួនាទី និងភារកិច្ចផ្តល់សេវាកម្មទឹក និងជូនដំណឹងស្ដីឧតុនិយមដល់សាធារៈជន និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
អត្ថបទដោយ៖ WIN WIN News Media