លោក Trump និងលោក Putin រំពឹងថានឹងជួបគ្នាតាមទូរស័ព្ទនៅសប្តាហ៍នេះខណៈអាមេរិកជំរុញឱ្យមានបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន
លោក Witkoff ដែលបានជួបជាមួយលោក Putin កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថា លោករំពឹងថានឹងមានការហៅទូរស័ព្ទជាមួយប្រធានាធិបតីទាំងពីរនៅសប្តាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងពិភាក្សាជាមួយអ៊ុយក្រែនផងដែរ ដោយបន្ថែមថាលោកគិតថាការពិភាក្សារវាងលោក Trump និងលោក Putin នឹង "ពិតជាប្រព្រឹត្តទៅដោយរលូន និងវិជ្ជមាន"។
លោក Trump កំពុងព្យាយាមឈ្នះការគាំទ្ររបស់លោក Putin សម្រាប់សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈភាគីទាំងពីរបានបន្តការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងររហូតដល់ចុងសប្តាហ៍នេះ។
រុស្ស៊ី បានខិតទៅជិតការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងឈរជើងដែលមានអាយុកាលរាប់ខែនៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី។
លោក Trump បាននិយាយក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមកាលពីថ្ងៃសុក្រថា "ពិតជាមានឱកាសដែលសង្រ្គាមបង្ហូរឈាមដ៏មហន្តរាយនេះអាចឈានដល់ទីបញ្ចប់" ។
លោកក៏បាននិយាយផងដែរថាលោកបាន "ស្នើសុំយ៉ាងទទូច" កុំឲ្យលោក Putinសម្លាប់ទាហានអ៊ុយក្រែនរាប់ពាន់នាក់ ដែលរុស្ស៊ី កំពុងរុញច្រានចេញពីតំបន់Kursk ។
លោក Putin បាននិយាយថា លោកនឹងគោរពសំណើរបស់លោក Trump ទុកជីវិតរបស់ទាហានអ៊ុយក្រែន ប្រសិនបើពួកគេទម្លាក់អាវុធសុំចុះចាញ់៕
អត្ថបទដោយ៖ WIN WIN News Media