និយ័តករធានារ៉ាប់រងកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងខ្នាតតូច”នៅខេត្តកំពង់ឆ្នាំង

 សង្គម
 ០៣ មេសា ២០២៥
 126
និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងខ្នាតតូច” ដោយមានការចូលរួមពី លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក សេន សារ៉េត មេឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំងតំណាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, តំណាងក្លិបអ្នកកាសែតកម្ពុជា, តំណាងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីផលិតផលធានារ៉ាប់រងខ្នាតតូច, ការគ្រប់គ្រងវិស័យធានារ៉ាប់រង និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជននៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ដូចជាតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងកិច្ចការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។ សិក្ខាកាមក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងខ្នាតតូច ដែលជាផលិតផលធានារ៉ាប់រងសម្រាប់អតិថិជនដែលមានចំណូលទាប ហើយផ្តល់នូវអត្ថប្រយោជន៍ក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុនៅពេលកើតឡើងនូវហានិភ័យណាមួយ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង និងកិច្ចការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង។ សិក្ខាកាមទាំងអស់បានចូលរួមក្នុងសិក្ខាសាលានេះបានបង្ហាញការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានារ៉ាប់រងខា្នតតូច និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្ដាលឱ្យប៉ះពាល់ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាកើតឡើងដោយមិនបានដឹងមុន៕

អត្ថបទដោយ៖ WIN WIN News Media