វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ឆ្លុះបង្ហាញពីសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ
ក្នុងឱកាសពិធីបើកវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នេះមានការអញ្ជើញ ចូលរួមពីសំណាក់លោក ពុយ គា ប្រធានក្លិប អ្នក កាសែតកម្ពុជា (ក.អ.ក) លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគម ធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា និងវាគ្មិនសំខាន់ៗមួយចំនួនទៀត ចូលខ្លួនមកជជែកពិភាក្សាលើប្រធានបទស្ថិរភាពវិស័យធានារ៉ាប់រង និងការរួមចំណែកដល់សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមនៅកម្ពុជា។
លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងនៅកម្ពុជា បានលើកបង្ហាញឡើងថា សព្វថ្ងៃអតិថិជនកាន់តែមានទំនុកចិត្តចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជាដោយក្នុងនោះមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន ៤០ កំពុងប្រតិបត្តការនៅកម្ពុជាដូចជា ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាទាំងមូលមានកំណើនប្រមាណ ៣.៥ % ក្នុងឆ្នាំ ២០២៤ និងជាមធ្យម 7.1% ក្នុងមួយឆ្នាំរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ផលិតផលធានារ៉ាប់រងទូទៅដែលបាននាំមុខគេ គឺផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិ អគ្គិភ័យ សុខភាព និងយានយន្តជាដើម។
ចំពោះលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃនេះសាធារណជនមានការយល់ពីវិស័យធានារ៉ាប់រងនៅកម្ពុជាលើសពីកម្រិតមូលដ្ឋានទៅហើយ ដោយពួកគេភាគច្រើនសួរដេញដោលតែលើបញ្ហាសំណងវិស័យធានារ៉ាប់រង និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលពួកគេត្រូវទទួលបានពីកញ្ចប់ធានារ៉ាប់រងដោយមិនមានក្ដីបារម្ភតែប៉ុណ្ណោះ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឆ្នាំ ២០២១-២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា បានផ្ដោតអាទិភាពលើសកម្មភាព ដូចជា៖ការផ្សព្វផ្សាយ ការអប់រំសាធារណជន និងការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យប្រតិបត្តិការទីផ្សារ ការពង្រឹងកិច្ចការពារអតិថិជនសម្រាប់វិស័យធានារ៉ាប់រង ការពង្រឹងក្រមសីលធម៌បុគ្គលវិជ្ជាជីវៈក្នុងវិស័យធានារ៉ាប់រង។ ពិសេសជាងនេះទៅទៀតនិយ័តករធានារ៉ាប់រងកម្ពុជាបន្តយន្តការដោះស្រាយបណ្ដឹងអតិថិនធានារ៉ាប់រងតាមប្រព័ន្ធអនឡាញន៍ ដើម្បីផ្ដល់ទំនុកចិត្ត និងភាពងាយស្រួលជូនអតិថិជនទាំងអស់។
គួររំលឹកថា វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» បាននិងកំពុងជំរុញឱ្យអ្នកសារព័ត៌មានដើរតួនាទីសំខាន់មួយក្នុងការផ្ដល់សារត្រឹមត្រូវ និងផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍វិស័យរ៉ាប់រងនៅកម្ពុជាដែលជាឆ្អឹងខ្នងមួយសម្រាប់ជួយសេដ្ឋកិច្ច និងសង្គមជាតិ៕ អត្ថបទដោយ៖ WIN WIN News Media