បទវិភាគ៖ “ស្មារតីចិន-អាស៊ីកណ្តាល”ដឹកនាំកិច្ចសហប្រតិបតិ្តការក្នុងតំបន់ត្រួសត្រាយអនាគតកាន់តែទូលំទូលាយ
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងបម្រែបម្រួល ការប៉ះទង្គិចខាងនភូមិសាស្ត្រនយោបាយកើតមានជាបន្តបន្ទាប់ ការពារនិយម ឯកតោភាគីនិយមនិងអនុត្តរភាពនិយមបានងើបឡើងវិញ ។ ការស្វែងរកសាមគ្គីភាព ជំរុញស្ថិរភាពនិងស្វែងរកការអភិវឌ្ឍ ជាគោលបំណងរួមក្នុងតំបន់ ។ នៅលើមាគ៌ាសម្រាប់រួមគ្នាសម្រេចបាននូវទំនើបកម្ម លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុច ដោយបានគូសបញ្ជាក់ពី "ប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃសាមគ្គីភាព ដែលមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក " "កែលម្អប្លង់កិច្ចសហប្រតិបតិ្តការជាក់ស្តែងដែលមានប្រសិទ្ធភាពខ្ពស់និងមានភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ " "បង្កើតរចនាសម័្ពន្ធសន្តិសុខដែលប្រកបដោយសន្ដិភាព ស្ថិរភាពនិងរួមសុខរួមទុក្ខ " "រឹតចំណងទំនាក់ទំនងរវាងប្រជាជនដែលមានចិត្តមួយថ្លើមមួយ មានការយល់ដឹងពីគ្នានិងមានភាពស្និទ្ធស្នាល" "គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលសមភាព សមហេតុផល ស្មើភាពនិងប្រកបដោយរបៀបរៀបរយ" ។ គំនិតផ្តួចផ្តើមទាំងនេះ បានគ្រោងផែនការគោលថ្មីសម្រាប់ជំរុញការអភិវឌ្ឍនៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ ។
តាំងពីដើមមក កិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជានិមិត្តសញ្ញាដ៏លេចធ្លោនៃកិច្ចសហប្រតិបតិ្តការចិននិងអាស៊ីកណ្តាល ។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីកណ្តាល បានឡើងដល់៩៤,៨ប៊ីលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកប្រធាន Xi Jinping បានលើកឡើងថា គួរផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការលើវិស័យភាពរលូនពាណិជ្ជកម្ម ការបណ្តាក់ទុនខាងឧស្សាហកម្ម និងការតភ្ជាប់គ្នាជាដើម រីករាយចែករំលែកបទពិសោធអភិវឌ្ឍន៍និងសមិទ្ធផលបច្ចេកវិទ្យាថ្មីបំផុតជាមួយប្រទេសអាស៊ីកណ្តាល ជំរុញការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធឌីជីថល បង្កើនកិច្ចសហប្រតិបតិ្តការផ្នែកបញ្ញាសិប្បនិម្មិត បណ្តុះបណ្តាលកម្លាំងផលិតកម្មគុណភាពថ្មី ហើយរីករាយផ្តល់ជំនួយឥតសំណងចំនួន១៥០០លានដុល្លារអាមេរិកដល់ប្រទេសអាស៊ីកណ្តាល សម្រាប់អនុវត្តគម្រោងកែលម្អជីវភាពរស់នៅនិងការអភិវឌ្ឍដែលប្រទេសនានាយកចិត្តទុកដាក់ ។
ពី "ទស្សនទានក្រុងស៊ីអាន" ដល់ "គំនិតឯកភាពរួមនៅក្រុង Astana " ក្រោមការណែនាំពីយុទ្ធសាស្ត្រនៃប្រមុខរដ្ឋប្រទេស៦ "ស្មារតីចិន-អាស៊ីកណ្តាល"នឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងគ្នានិងគ្នាមានភាពកាន់តែស្អិតល្មួត ក៏ដូចជាជំរុញឱ្យបង្កើតសហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាលដែលមានភាពកាន់តែជិតសិ្នទ្ធ ៕ អត្ថបទដោយ៖ WIN WIN News Media